(កំពង់ស្ពឺ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងដោយមានកិច្ចសហការពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីបច្ចេកទេសចុះត្រួតពិនិត្យជំនន់ទឹកភ្លៀង និងសិក្សាលក្ខណបច្ចេកទេសក្នុងការរំដោះទឹកដែលជន់លិចតំបន់ផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ៤៧-៤៨ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោករដ្ឋមន្រ្តីបានលើកឡើងថា ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃនេះ គឺចំតំបន់ស្រុកគងពិសីតែម្តង ជាពិសេសតំបន់នោះជាតំបន់ទំនាបមានការអភិវឌ្ឍខ្លាំងទាំងផ្នែករោងចក្រ និងលំនៅឋានដែលបណ្តាលឱ្យមានការប្រែប្រួលគម្របដី។ ជាដំណោះស្រាយចំពោះមុខគឺអាជ្ញាធរត្រូវសហការជាមួយក្រសួង-ស្ថាប័នជំនាញ ដើម្បីកាយរំដោះមុខទឹកឱ្យហូរធ្លាក់មកភូមិសាស្រ្តផ្នែកខាងក្រោមនៃខេត្តតាកែវ និងដើម្បីឱ្យជំនន់ទឹកភ្លៀងឆាប់បានធូរស្រាល និងដើម្បីជៀសវាងការខូចខាតហេដ្ឋារចនាសម្ពន្ធរូបវន្តធ្ងន់ធ្ងរ។

លោករដ្ឋមន្រ្តី ថោ ជេដ្ឋា ក៏បានរួមចំណែកឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន២០លានរៀល ចូលរួមជាមួយលោកអភិបាលខេត្តកំពង់ស្ពឺ ដើម្បីជួយគ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងសរុបចំនួន៣៩០គ្រួសារ។

លោករដ្ឋមន្រ្តី និងសហការីក៏បានបន្តដំណើរចុះត្រួតពិនិត្យស្ថានីយបូមទឹកក្របៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលស្ថានីយនេះមានតួនាទីបូមរំដោះទឹកជំនន់ហូរធ្លាក់ពីទំនប់៧មករា ដើម្បីបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោតមិនឱ្យជន់លិចរាជធានីភ្នំពេញ និងក្រុងតាខ្មៅផងដែរ៕