(ពោធិ៍សាត់)៖ លោក ស្រី ស៊ីនឿន អនុប្រធានប្រតិបត្តិទទួលបន្ទុកខាងវិន័យ និងជាប្រធានសាខាសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ប្រចាំខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមយុវជនស្រលាញ់សន្តិភាព ទូទាំងខេត្តពោធិ៍សាត់ ចុះជួយស្ទូងបងប្អូនប្រជាពលរដ្ឋ នៅភូមិត្រពាំងកន្ទួត និងភូមិជជក ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រមាណ ៥ហិកតា នារដូវដកស្ទូង។
ក្នុងយុទ្ធនាការស្ទូងស្រូវនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កែវ កុសល មេបញ្ជាការរងកងពលតូច អន្តរាគមន៍លេខ១៤ ព្រមទាំងកងកម្លាំងនៃកងពលតូចអន្តរាគមន៍លេខ១៤ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក ស្រី ស៊ីនឿន បានថ្លែងថា ដោយមើលឃើញប្រជាពលរដ្ឋ មានជីវភាពខ្វះខាត លើការជួលកម្លាំងពលកម្មសម្រាប់ស្ទូងស្រូវនោះ លោកបានដឹកនាំក្រុមយុវជនស្រលាញ់សន្តិភាព មកពីបណ្តាស្រុកក្នុងខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីកងកម្លាំង នៃកងពលតូចអន្តរាគមន៍លេខ១៤ទៀត បានចុះជួយពួកគាត់ ដើម្បីបង្ហើយការងារកសិកម្មនាឆ្នាំនេះ។ ជាការពិតណាស់បច្ចុប្បន្ន យើងរស់នៅក្នុងដំបូលសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ នេះដោយសារការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះយើងត្រូវនាំគ្នារស់នៅហើយនាំគ្នាថែនូវសុខសន្តិភាពនេះ ជាពិសេសនាំគ្នាចូលរួមក្នុងការងារសង្គម ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រមទាំងមានចិត្តអាណិតស្រលាញ់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។
លោកបានបញ្ជាក់ថា ក្រុមយុវជនស្រលាញ់សន្តិភាពមិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមយុវជនស្រលាញ់សន្តិភាព ក៏មានបំណង លើកទឹកចិត្ត និងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៍ នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែ ពុះកញ្ជ្រោលផងដែរ៕