(កែប)៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តកែបទទួលបានភ្ញៀវទេសចរប្រមាណជាង៦ម៉ឺននាក់ បើធៀបនឹងឱកាសភ្ជុំបិណ្ឌដូចគ្នាកាលពីឆ្នាំ២០២២។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងថា ខេត្តកែបរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ សម្រាប់ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិ៦៣,០៦៦នាក់ ក្នុងនោះភ្ញៀវជាតិ៦២,១៩០នាក់ និងភ្ញៀវបរទេស៨៧៦នាក់។
ភ្ញៀវទេសចរភាគច្រើនទៅសម្រាកកម្សាន្តនៅរមណីយដ្ឋានដ៏ទាក់ទាញ ដូចជា ឆ្នេរលិចទឹក កោះទន្សាយ ឆ្នេរអង្កោល ភ្នំវល្លិ និងឧទ្យានកែប ខណៈរដ្ឋបាលខេត្តកែបបានកែលម្អហេដ្ឋារចនាសម្ពន្ធ ដើម្បីចំណាប់អារម្មណ៍ភ្ញៀវទេសចរឱ្យមកលេងកម្សាន្តខេត្តជាប់សមុទ្រមួយនេះឱ្យកាន់តែច្រើន។
គួរបញ្ជាក់ថា បុណ្យសមុទ្រឆ្នាំនេះនឹងធ្វើនៅខេត្តកែបរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានការរៀបចំកម្មវិធីជាច្រើន ដូចជា រត់ប្រណាំង និងប្រដាល់គុនខ្មែរ មហោស្រពម្ហូបអាហារ តាំងពិព័រណ៍សមិទ្ធផលនានា និងការប្រគំតន្ដ្រីមហាជនជាដើម៕