(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានទទួលសេចក្ដីទុកចិត្តពីកិច្ចប្រជុំ ICAPP ឱ្យបន្តដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ និងវេទិកាយុវជន ICAPP ព្រមទាំងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី១២ កិច្ចប្រជុំ ACC លើកទី៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

នេះបើតាម សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤០ និងវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៥ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយគណបក្សកុម្មុយនីស្តនេប៉ាល់ (UML) ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយចំនួន ២៦ មកពីប្រមាណ ១៦ប្រទេស នៅអាស៊ី និងអឺរ៉ុប ដោយបានអនុម័តនូវសេចក្តីថ្លែងការណ៍ទីក្រុងកដ្ឋមណ្ឌ ដែលជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងបណ្តាគណបក្សនយោបាយ និងស្ថាប័នពាក់ព័ន្ធនៅអាស៊ី និងអឺរ៉ុប ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយចីរភាព និងធានាបាននូវស្ថិរភាពហិរញ្ញវត្ថុក្រោយវិបត្តិកូវីដ១៩។

គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងភាពជោគជ័យនៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់កម្ពុជា ដែលមានភាពសេរី និងយុត្តិធម៌ និងការផ្ទេរអំណាចតាមការបោះឆ្នោតប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកបដោយសន្តិភាព។

គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បានបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសតភ្ជាប់នូវវប្បធម៌ និងអរិយធម៌រវាងដែនដីខ្ពង់រាបហិម៉ាល័យ និងដែនដីទំនាបតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងជាប្រទេសដែលលើកកម្ពស់ និងរក្សាបាននូវគុណតម្លៃសន្តិភាព ប្រជាធិបតេយ្យ និងជំនឿសាសនា។

គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បានសម្រេចជាឯកច្ឆន្ទឱ្យ ACC ដែលមានសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធាន បន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ (UNESCO) សម្រាប់អាណត្តិ៥ឆ្នាំ។

ទន្ទឹមនឹងនេះ គណបក្សប្រជាជនកម្ពុជា ក៏ទទួលបានសេចក្ដីទុកចិត្តឱ្យបន្តដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ និងវេទិកាយុវជន ICAPP ព្រមទាំងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី១២ កិច្ចប្រជុំ ACC លើកទី៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី៦ កាលពីខែធ្នូ ឆ្នាំ២០១០៕