(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី ដឹកនាំដោយលោក ញ៉ែម សំអឿន អភិបាលខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, រដ្ឋបាលក្រុង-ស្រុកទាំង៩, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី, សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យខ្មែរ ព្រះបរមរតនកោដ្ឋ។ ពិធីគោរពព្រះវិញ្ញាណក្ខន្ធនេះ ប្រារព្ធធ្វើឡើងនៅ វត្តឥសាន្តរតនារាមហៅវត្តភ្នំស្វាយស្ថិតនៅក្រុងបានលុង។

ក្នុងឱកាសនោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តរតនគិរី បានសម្រួមកាយស្មឹងស្មាតគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធ៌មដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលក្រៃលែង ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី សម្តែងនូវទឹកចិត្ត ពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ និងស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែង ចំពោះការយាងចូលព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕