(កណ្តាល)៖ ខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសម្នាក់ នៅទឹកដីស្រុកកណ្តាល ខេត្តកណ្តាល កាលពី៤ថ្ងៃមុននោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ស្រាវជ្រាវតាមចាប់បានហើយ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ នៅក្បែរផ្សារសូរិយា ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមការលួចបង្ហើបពីមន្រ្តីអាវុធហត្ថម្នាក់ បានឲ្យដឹងថា មូលហេតុដែលនាំខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះគឺដោយសារអត់លុយសង។
យ៉ាងណាក៏ដោយ មន្រ្តីអាវុធហត្ថមិនទាន់អាចបញ្ជាក់ព័ត៌មានលម្អិត ពីដំណើរឿងនេះឡើយទេ ដោយស្ថិតនៅក្រោមការសួរនាំសិន។
សូមបញ្ជាក់ថា អំពើឃាតកម្មបាញ់សម្លាប់បុរសម្នាក់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនដៃដល់បានប្លុងរថយន្តចោល នៅតាមផ្លូវជាតិលេខ២ ទឹកដីស្រុកបាទី ខេត្តតាកែវ មុនពេលរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តខាងលើមានម៉ាក Vista ពណ៌ការ៉ុត ស្លាកលេខភ្នពេញ 2AK-7925 ត្រូវកម្លាំងរបស់លោកតាមទាន់ នៅកន្លែងដែលជនដៃដល់ប្លុងចោល។
បើតាមសមត្ថកិច្ចបានប្រាប់ព័ត៌មានក្នុងជំហ៊ានដំបូងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណសង្ស័យជនជាតិបរទេស អាយុជាង៤០ឆ្នាំ។ នៅវេលាម៉ោងប្រមាណ៤៖៣០នាទីរសៀលថ្ងៃនេះមានមនុស្សគ្នា៣នាក់ បានមកជជែកគ្នា នៅចំណុចសាលាសំណាក់ រង្វង់មូលភូមិកោះខ្នុរ លុះដល់ម៉ោងប្រមាណ ៥៖៣០នាទី ក៏មានការបាញ់សម្លាប់ រួចបើករថយន្តគេចខ្លួន រហូតប្លុងរថយន្តចោលតែម្តង។
យ៉ាងណាក៏ដោយ សម្រាប់អត្តសញ្ញាណជនរងគ្រោះនៅមិនទាន់ស្គាល់នៅឡើយទេ៕