(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងពីស្រុកគងពិសី នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា «បើគិតម៉ោងនេះ យើងអាចនិយាយបានថា ទឹកបានស្រកទៅអស់ពីស្តុកទៅហើយ ហើយកងកម្លាំងសរុប នៃគណៈបញ្ជាការឯកភាព បានរំដោះរោងចក្រចំនួន៣ ក្នុងចំណោមរោងចក្រ១០កន្លែងក្នុងតំបន់ទឹកលិច»

លោកថា ចំពោះស្ថានភាពទឹកគិតក្នុងម៉ោងនេះ យើងបានសហការជាមួយក្រសួងធនធានទឹក រដ្ឋបាលខេត្តតាកែវ ហើយមានការស្ម័គ្រចិត្តពីផ្ទះប្រជាពលរដ្ឋមួយចំនួន ឲ្យយើងបានទម្លាយមុខទឹកទំលាក់ទៅខាងខេត្តតាកែវបាន រលូន។ យើងមានការសហការដ៏សស្រាក់ស្រាំពីសំណាក់អាជ្ញាធរពាក់ព័ន្ធក៏ដូចជា បងប្អូនប្រជាពលរដ្ឋដែលមានដីរបស់គាត់ជាប់ផ្លូវ ឲ្យកាយទម្លាយមុខទឹករហូតស្រកជិតអស់ហើយ។

លោកអភិបាលខេត្តកំពង់ស្ពឺ បន្តថា «បើទោះបីជាមានភ្លៀងទៀត ខ្ញុំគិតថា មិនមានផលលំបាកអីធ្ងន់ធ្ងរជាងហ្នឹងទេ»។ លោកបន្តថា បើទោះជាបែបនេះក្តី លោកសូមអំពាវនាវដោយទទូចចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគាត់រកទទួលទាន ឬក៏សេវាដឹកជញ្ជូនធុនធ្ងន់ សូមមេត្តាជួយផ្អាកឲ្យមួយថ្ងៃ ឬពីរទៀតចាំធ្វើចរាចរណ៍បន្ត ពីព្រោះនៅពេលនេះទឹកមិនហូរកាត់ផ្លូវមែន ក៏ប៉ុន្ដែផ្លូវនៅទន់ជ្រាយនៅឡើយ បងប្អូនយើងអាចធ្វើដំណើរបានតែទៅលើ មធ្យោបាយធន់តូចៗតែប៉ុណ្ណោះ ឬរថយន្តដឹកលក្ខណៈគ្រួសារ ឬដឹកទំនិញលក្ខណៈគ្រួសារទេ គឺសុំឲ្យគាត់ធ្វើការរកផ្លូវវាងបណ្តោះអាសន្នសិន៕