(បន្ទាយមានជ័យ)៖ ទឹកជំនន់ហូរកាត់ផ្លូវ១កន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំឬស្សីក្រោក ស្រុកមង្គលបូរី ទល់ឃុំកោះពងសត្វ ក្រុងសិរីសោភ័ណ បានក្លាយទៅជាកន្លែងលេងសប្បាយរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើរដំណើរ មកលេងទឹកជំនន់នោះ ខណៈដែលអាជ្ញាធរ បានធ្វើការជូនដំណឹងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឱ្យ Fresh News ដឹងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមការងាររបស់លោកបានចុះទៅដល់កន្លែងកើតហេតុ និងមើលឃើញថា ទឹកជំនន់ដែលហូរកាត់ផ្លូវ នោះប្រហែល៣តឹក ក្នុងនោះលោកបានឃើញមានប្រជាពលរដ្ឋ ចង់រាប់ពាន់នាក់បាននាំគ្នាសម្រុកទៅលេង និងធ្វើដំណើរឆ្លងកាត់ផ្លូវនេះទាំងទឹកចង់ពាក់កណ្តាលម៉ូតូ ក្នុងនោះលោកក៏បានឃើញមានក្មេង ចាស់ ប្រុស ស្រី ចុះទៅលេងទឹកជ្រៅយ៉ាងសប្បាយអើងកង ទាំងមិនខ្លាចមានការលង់ទឹកផងដែរ។

លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ទៀតថា ចូលមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លើកំណាត់ផ្លូវនៅវាលទំនាបក្នុងស្រុកមង្គលបូរីនេះ កំពុងរងគ្រោះដោយសារលិចជាច្រើនចំណុច ក្នុងនោះក៏ទឹកកួចខ្លាំង ហើយអ្នកស្រុក បាននាំគ្នាទៅលេងទឹកនេះ ប្រជែងគ្នានឹងទឹកជំនន់នេះយ៉ាងសប្បាយផងដែរ។

លោកបានអំពាវនាវប្រជាពលរដ្ឋដែលមកលេងទឹកលើដងផ្លូវបេតុង ពីឃុំប្ញស្សីក្រោក ទៅសង្កាត់កោះពងសត្វ សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពិសេសកូនចៅក្មេងៗក្នុងពេលទឹកជំនន់ដែលហូរកួចខ្លាំងលើផ្លូវ ហើយកំពុងកកស្ទះ ចរាចរណ៍ផងទៀតផង ពិសេសត្រូវប្រុងប្រយ័ត្ន សត្វអសិរពិស ជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញ៉ាប់យកទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ឆ្នាំនេះពេលដែលទឹកកំពុងឡើង មានមនុស្សស្លាប់ដោយសារលង់ទឹកប្រហែល ១០នាក់ហើយពិសេសក្មេងជំទង់។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំសង្កាត់នីមួយៗ ត្រូវចុះពិនិត្យតាមដានឲ្យ បានជាប្រចាំ អំពីស្ថានភាពទឹក និងត្រូវមានជាវិធានការនៅពេលខាងមុខដើម្បីរក្សាទឹកទុកប្រើនៅពេលខាងមុខ គ្រប់ឃុំ សង្កាត់ទាំងអស់នៅក្នុងខេត្តផងដែរ៕