(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសគាំទ្រ និងស្វាគមន៍ចំពោះការវិនិយោគរួមគ្នាលើវិស័យថាមពលរវាងក្រុម Royal Group របស់​អ្នក​ឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន China National Energy Engineering & Construction Co., Ltd. (CNEE) របស់ចិន។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យ​ក្រុមហ៊ុនរបស់ចិន បន្តវិនិយោគលើវិស័យដទៃទៀត ដែលក្រុមហ៊ុនមានជំនាញ។

ការគាំទ្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងជំនួបជាមួយ លោក ខាង ហ៊ូពាវ (Kang Hubiao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Genertec International ដែល​ជា​ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China National Energy Engineering & Construction Co., Ltd. (CNEE) នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេស​ចិន។

ក្នុងជំនួបនោះ លោក ខាង ហ៊ូពាវ បានថែ្លងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេល​វេលា​ដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីប្រវត្តិសាវតាររបស់ក្រុមហ៊ុន Genertec International ដែលត្រូវបាន​បង្កើត​ឡើង​ក្នុងឆ្នាំ១៩៩៨ ដោយផ្តោតលើអាជីវកម្មក្នុងវិស័យធំៗចំនួនបីគឺ៖ ផ្នែកផលិត​កម្ម, ការវិនិយោគលើវិស័យសុខាភិបាល និងការវិនិយោគក្រៅប្រទេស ដែលក្នុងនោះ ក៏កំពុង​មាន​គម្រោងវិនិយោគលើវិស័យថាមពលវារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជា​ក្រោមកិច្ចសហ​ការ​ជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជាផងដែរ។

សម្តេចធិបតី បានបង្ហាញក្តីរីករាយចំពោះជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Genertec International និងសម្តែងការស្វាគមន៍ និងការគាំទ្រចំពោះភាពជាដៃគូរវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និងក្រុមហ៊ុន CNEE របស់ចិន នៅក្នុងគម្រោងវិនិយោគរួម​លើវិស័យថាមពល ព្រមជាមួយនឹងក្តីសង្ឃឹមថា ក្រុមហ៊ុនអាចនឹងបន្តពង្រីក​ការវិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានជំនាញ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Genertec International Holding Co., Ltd. ឬហៅថា​ក្រុម​ហ៊ុន Genertec International ជាក្រុមហ៊ុនបុត្រសម្ព័ន្ធស្ថិតនៅក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន​សម្ព័ន្ធ China General Technology (Group) Holding Co., Ltd. (ឬ Genertec)។ ក្រុមហ៊ុនមានសាខាជាច្រើនដូចជា ក្រុមហ៊ុន China National Technical Import and Export Corporation (CNTIC), ក្រុមហ៊ុន China National Machinery Import and Export Corporation (CMC), ក្រុមហ៊ុន China General Consulting & Investment Co., Ltd.(CGCI), ក្រុមហ៊ុន China National Energy Engineering & Construction Co.,Ltd. (CNEE), ក្រុមហ៊ុន China National Vehicle Import and Export Corporation (CVC), និងក្រុមហ៊ុន China International Tendering Co., Ltd. (ITC).

ក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនក្នុងស្រុកចំនួន១០៥ និងក្រុមហ៊ុននៅក្រៅប្រទេសចំនួន៥៩ ដោយមានបុគ្គលិកសរុបជាង ៥,០០០នាក់។ ក្រុមហ៊ុនបានបំបែកកំណត់ត្រាជាច្រើននៅក្នុងប្រវត្តិសាស្រ្តរបស់ចិន សម័យទំនើប នៅក្នុងវិស័យពាណិជ្ជកម្មបរទេសខាងវិស្វកម្មមេកានិក និងអេឡិចត្រូនិក។

ក្នុងនាមជាក្រុមហ៊ុនមួយឈានមុខគេ ក្នុងការនាំចូលបច្ចេកវិទ្យា និងបរិក្ខារ សំខាន់ៗ និង​កំពុងអនុវត្តយុទ្ធសាស្ត្រ « going global strategy» យើងបាននាំចូលបរិក្ខារ និងបច្ចេក​វិទ្យាទំនើបៗ ដែលមានតម្លៃ ៣០០ពាន់លានដុល្លារ ដែលនេះ ជាការចូលរួមចំណែក​យ៉ាង​ធំធេង ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងជាតិ ក្នុងការកសាងសមត្ថភាពឯករាជ្យសម្រាប់​ការ​អភិវឌ្ឍបច្ចេកវិទ្យា និងបិរក្ខារ សំខាន់ៗ ព្រមទាំង ជំរុញធ្វើឧស្សាហូបនីយកម្ម និងបង្កើត​មូល​ដ្ឋានសម្រាប់បច្ចេកវិទ្យា បរិក្ខារស្តង់ដារ និងម៉ាកយីហោរបស់ចិន​នៅលើទីផ្សារអន្តរជាតិ។

នៅចុងឆ្នាំ២០២១ ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុនេះ បានកើនឡើងដល់ ២៧.៥៨ពាន់លានយ័ន ហើយក្នុងរយៈពេល ៥ឆ្នាំមកនេះ ប្រាក់ចំណេញដុលសរុបមានចំនួន ៤.៦ពាន់លានយ័ន និងទ្រព្យសម្បត្តិសរុបកើនឡើង ៧៥.២ភាគរយ ជាមួយការការចុះបញ្ជីអត្រាកំណើនប្រចាំឆ្នាំ ១១.៩ភាគរយ៕