(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហាក់កំពុងជាប់មាត់ទៅនឹងគុយទាវ នៅទីជនបទគ្រាដែលសម្តេច បានធ្វើយុទ្ធនាការចុះជួប សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត។ សម្តេចបានលើកឡើងថា គុយទាវនៅ តាមបណ្តាខេត្តមានរសជាតិឆ្ងាញ់ណាស់ មិនចាញ់គុយទាវនៅទីក្រុងទេ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះថា «នៅក្នុងពេល អញ្ជើញធ្វើដំណើរទៅសួរសុខទុក្ខប្រជាពលរដ្ឋ និងបងប្អូនអាជីវករតាមផ្សារមួយចំនួន រួមទាំងផ្សារលើក្រុងកំពង់ឆ្នាំងផងដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីសាមញ្ញ របស់កម្ពុជាបានអញ្ជើញពិសារគុយទាវបងប្អូនលក់ដូរក្នុងផ្សារ។ ឱជារសពិតជាឆ្ងាញ់ពិសារមែន បងប្អូនយើងនៅតាមខេត្តពូកែ ធ្វើស៊ុបគុយទាវឆ្ងាញ់ណាស់ មិនចាញ់អ្នកទីក្រុងទេ!»
សូមបញ្ជាក់ថា នៅក្នុងខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបើកយុទ្ធនាការជាបន្តបន្ទាប់ ក្នុងការជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ។ យុទ្ធនាការនេះ ក៏ជាការត្រួតពិនិត្យមើលសមិទ្ធផលពាក់កណ្តាលអាណត្តិ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនផងដែរ។
នៅលើបណ្តាញសង្គម Facebook នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា សម្តេចនឹងបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ ពិនិត្យសមិទ្ឋផល និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ជាបន្តទៀតនៅតាមបណ្តាខេត្តមួយចំនួននៅ សប្តាហ៍ក្រោយ៕