(កោះកុង)៖ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី មិថុនា ភូថង អភិបាលខេត្ត រួមជាមួយអភិបាលរងខេត្ត មន្ត្រីរាជកាគ្រប់ស្ថាប័ន្ននានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១១ឆ្នាំ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ខេត្តកោះកុង បានសម្រួបកាយឈរស្មឹងស្មាតគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីតបស្នងនូវព្រះមហាករុណាដឹងគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលក្រៃលែង ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង សម្ដែងនូវទឹកចិត្តពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ និងស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែង ចំពោះការយាងចូលព្រះទីវង្គត់របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕