(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមអបអរពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបមហាព្រឹត្តិការណ៍ប្រណាំងទូក ប្រគុំតន្ត្រីខ្នាតយក្ស បណ្តែតប្រទីប សំពះញព្រះខែ អកអំបុក និងបាញ់កាំជ្រួចចម្រុះពណ៌នាពេលរាត្រី រយៈពេលពេញ១ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

ខណៈការតាំងពិព័រណ៍ពាណិជ្ជកម្មរាប់រយស្តង់ តាំងបង្ហាញផលិតផលក្នុងស្រុក (ភូមិ១ផលិតផល១) និងផលិតផល ព្រមទាំងម្ហូបអាហារចម្រុះ រយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលានេះ នៅលើផ្លូវភ្លោះ៦០ម៉ែត្រ និងបរិវេណអាងសោភ័ណត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសរុបប្រមាណជាង ២៥ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។

ពិធីដ៏សប្បាយកងរំពងយ៉ាងអធិកអធមនេះ ប្រព្រឹត្តិទៅក្រោមការយកចិត្តទុកដាក់ខ្ពស់ណែនាំរៀបចំចង្អុលបង្ហាញ និងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ឡាក់ អេងវន ស៊ាក ឡេង។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងលោកស្រី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ម៉េង វ៉ាន់ឌី និងលោកស្រី ព្រមទាំងអភិបាលរងខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំសាលាខេត្ត ស្ថាប័នតុលាការ កងកម្លាំងទាំង ០៣ មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីរាជការជុំវិញខេត្ត ព្រះសង្ឃ ក្រុមកីឡាករចំណុះទូក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងមហាព្រឹត្តិការណ៍ដែលរដ្ឋបាលខេត្តត្បូងឃ្មុំនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវសុខសន្តិភាព បន្តមានការអភិវឌ្ឍឡើងជឿនលឿនទៅមុខជាលំដាប់ ប្រជាពលរដ្ឋដើរលេងកម្សាន្ត និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

ទន្ទឹងនឹងនោះលោកបណ្ឌិត ក៏បានអំពាវនាវឱ្យប្រជាជនទូទាំងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេស រួមគ្នាថែរក្សាសុខសន្តិភាពដែលយើងរកបានដោយលំបាក ព្រោះបើគ្មានសន្តិភាពនោះទេ យើងមិនអាចទទួលបានសមិទ្ធផលនានា ពិសេសរៀបចំមហាព្រឹត្តិការណ៍ ដើម្បីឲ្យបងប្អូនមកជួបជុំកំសាន្តយ៉ាងកុះករ រាប់ម៉ឺនរាប់សែននាក់ នៅបុរីរដ្ឋបាលខេត្ត នាពេលនេះឡើយ។

ជាមួយគ្នានោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ បានការពារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ និងកោតសរសើរចំពោះអាជ្ញាធរដែនដី មន្ទីរ-អង្គភាពជំនាញទាំងអស់ ដែលបានសហការជាមួយរដ្ឋបាលខេត្ត រៀបចំប្រារព្ធមហាព្រឹត្តិការណ៍នេះឡើង បញ្ចប់ដោយជោគជ័យផងដែរ៕