(ភ្នំពេញ)៖ នាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត នៃអគ្គ នាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប សហការជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ បានរៀបចំវគ្គអប់រំអ្នកបោះឆ្នោត ស្តីពីសារៈសំខាន់នៃការបោះឆ្នោតជូនដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល នាយក នាយករងសាលា យុវជន និងអាជ្ញាធរភាគីពាក់ព័ន្ធ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

ក្រោមអធិបតីភាពលោក សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។
លោក សោម សូរីដា បានថ្លែងថា ការរៀបចំវគ្គអប់រំអ្នកបោះឆ្នោត ស្តីពីសារៈសំខាន់នៃការបោះឆ្នោតនេះឡើងគឺក្នុងគោលបំណងគឺ៖

ទី១៖ អប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់ នៃការបោះឆ្នោត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា ជូនដល់ភាគីពាក់ព័ន្ធ ដែលជាក្រុមគោលដៅ
ទី២៖ បង្ហាញអំពីមធ្យោបាយឆ្ពោះទៅកាន់អំណាចនយោបាយនៃរដ្ឋ  
ទី៣៖ ប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា
ទី៤៖ គោលការណ៍សំខាន់ៗ មួយចំនួនពាក់ព័ន្ធ និងដំណើរការបោះឆ្នោត
និងទី៥៖ ផ្សព្វផ្សាយ ប្រភពព័ត៌មានដែលចេញដោយ គ.ជ.ប និង លធ.ខប (គេហទំព័រ,App,បណ្តាញសង្គម)។

លោកបានបញ្ជាក់ថា វគ្គអប់រំអ្នកបោះឆ្នោត ស្តីពីសារៈសំខាន់នៃការបោះឆ្នោត គឺជាផ្នែកមួយអាចជួយឱ្យអ្នកបោះឆ្នោត ជ្រើសរើស បានអ្នកដឹកនាំដែលខ្លួនពេញចិត្តតាមឆន្ទៈរបស់ខ្លួន ផ្លាស់ប្តូរអ្នកដឹកនាំដោយសន្តិវិធីគ្មានការប្រើអំពើហិង្សា ធ្វើឱ្យអ្នកដឹកនាំមានការទទួលខុសត្រូវផ្ទាល់ ចំពោះប្រជាពលរដ្ឋ លើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរ អនុវត្តសិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ ធានាការពារការប្រតិបត្តិសិទ្ធិសេរីភាព ទាំងអស់របស់បុគ្គលគ្រប់ៗរូប អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកំណត់ជោគវាសនារបស់ខ្លួន និងប្រទេសជាតិ របស់ខ្លួនដោយខ្លួនឯង។
 
ឆ្លៀតក្នុងឱកាសនេះដែរ លោកបានអំពាវនាវដល់សិស្ស និងប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ និងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកអញ្ជើញទៅចុះឈ្មោះ បោះឆ្នោតឱ្យបានទាន់ពេលវេលាគ្រប់ៗគ្នា។ ព្រោះព្រឹត្តការណ៍ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ នៅតាមឃុំ សង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៣៕