(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញក្រោមឱវាទចុះពិនិត្យមើលស្ថានភាពរស់នៅការដាំដុះរបស់ប្រជាកសិករ ដែលកំពុងដាំដំណាំចម្ការមានដូចជាដំឡូង ពោត ស្វាយ ស្វាយចន្ទីនៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោកអភិបាលបានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងដាំដុះ ដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឲ្យកាន់តែល្អប្រសើរជាងមុន។

ជាមួយគ្នានេះដែរ លោកអភិបាលក៏បានណែនាំដល់មន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋានឲ្យបានញឹកញាប់ ដើម្បីសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ហើយបើមានបញ្ហាកើតឡើង សូមរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។

ចំណែកប្រជាកសិករបានរីករាយសប្បាយចិត្តយ៉ាងខ្លាំង ពេលដែលឃើញថ្នាក់ដឹកនាំស្រុកចុះសួរសុខទុក្ខដល់ចម្ការរបស់ពួកគាត់៕