(ព្រះវិហារ)៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តព្រះវិហារទទួលបានភ្ញៀវជាតិ-អន្ដរជាតិសរុបចំនួន២០,៣៤៩នាក់ កើនឡើងជាង៥០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន២០,៣៤៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន២០,២៥៤នាក់ កើនឡើង៥០.៤៦% និងភ្ញៀវទេសចរអន្ដរជាតិចំនួន៩៥នាក់ ថយចុះ៧.៧៧%។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា គោលដៅទេសចរណ៍នានាក្នុងខេត្តព្រះវិហារដែលភ្ញៀវទេសចរតែងមកលេងកម្សាន្ត រួមមាន៖ ប្រាសាទព្រះវិហារស្ថិតក្នុងស្រុកជាំក្សាន្ត ប្រាសាទកោះកេរស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យស្ថិតក្នុងស្រុកត្បែងមានជ័យ និងទឹកធ្លាក់ព្រះនិម្មិតស្ថិតក្នុងស្រុកឆែបជាប់ព្រំដែនឡាវ។
ដោយឡែក ប្រាសាទកោះកេរ រយៈពេល៩ខែឆ្នាំ២០២៣ ទទួលបានភ្ញៀវទេសចរសរុប៧,៦៩១នាក់ ពោលគឺចាប់តាំងពីប្រាសាទកោះកេរត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកមក ភ្ញៀវទេសចរជាតិនិងអន្តរជាតិជិតឆ្ងាយតែងមកលេងកម្សាន្តមានចំនួនច្រើនរហូត៕