(កំពង់ស្ពឺ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម អមដំណើរដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាខេត្ត នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១២០គ្រួសារ ស្ថិតនៅវត្តបទុមវ័ន (ហៅវត្តក្រាំងក្រូច) ក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក ថោ ជេដ្ឋា បានឱ្យដឹងថា ថ្វីដ្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនពលរដ្ឋរងផលប៉ះពាល់នាពេលនេះមានចំនួនតិចតួចមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល និងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

សម្ភារៈដែលសាខាកាកក្រហមខេត្តកំពង់ស្ពឺបានផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន៖ អង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ នំធុង១ធុង និងថវិកា២០,០០០រៀល៕