(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ត្រី ជូ សារុន ជាមេបញ្ជាការ បានដាក់ចេញផែនការឱ្យកម្លាំងសរុបត្រៀម ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងទូទាំងខេត្ត បើសិនមានបទបញ្ជាការចាំបាច់ណាមួយ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា កម្លាំងទាំងអស់ត្រូវត្រៀមនៅនឹងកន្លែង និងមួយចំនួនតាមការចាំបាច់ត្រូវចុះជួយសង្គ្រោះដោយផ្ទាល់នៅមូលដ្ឋានស្រុកដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដោយឡែកកម្លាំងត្រៀម គឺប្រុងប្រៀបជាប្រចាំដើម្បីងាយស្រួលក្នុងការជួយសង្គ្រោះឱ្យទាន់សភាពការណ៍ នៃតម្រូវការចាំបាច់របស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសង្កត់ធ្ងន់ថា ទន្ទឹមការត្រៀមអន្តរាគមន៍នេះជំនាញសម្ភារបច្ចេកទេស ត្រូវត្រៀមមធ្យោបាយ គ្រឿងបំពាក់ សម្ភារៈ ដែលធានាឱ្យក្នុងកិច្ចបម្រើការ ក្នុងការជួយសង្គ្រោះឱ្យបានសម្រេចទៅតាមផែនការ ដែលថ្នាក់លើបានដាក់ចេញផងដែរ៕