(សៀមរាប)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ បានហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាលើកដំបូង ដែលមានជើងហោះហើរលេខ K6 ៧១០៣ ពីភ្នំពេញទៅសៀមរាប ជាមួយនឹងការស្វាគមន៍ជើងហោះហើរទាំងអស់ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះតទៅ។ នេះបើតាមការបញ្ជាក់របស់លោក តឹករ៉េត សំរេច ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិអង្គរអ៊ែរ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរបាន អះអាងថា នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៨៖៥៤នាទី យន្តហោះក្រុមហ៊ុនខ្លួន បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ដោយមានផ្ទុកអ្នកដំណើរចំនួន៧៩នាក់។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ជាក្រុមហ៊ុនមុនដំបូងគេ ដែលហោះហើរក្នុងស្រុកពីភ្នំពេញមកកាន់សៀមរាប ដែលប្រើប្រាស់អាកាសចរណ៍អន្តរជាតិសៀមរាបអង្គរ (ថ្មី)។
ក្រុមហ៊ុនជាតិ បានបម្រើសេវាដឹកជញ្ជូនផ្លូវអាកាសអស់រយៈពេល ១៤ឆ្នាំកន្លងមកនេះ មានចំនួនរាប់ម៉ឺនជើង ដែលដឹកអ្នកដំណើររាប់លាននាក់មកសៀមរាប។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូនផ្លូវអាកាសទេសចរណ៍ជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ។

ក្រុមហ៊ុនបានបន្តពង្រីកការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ភ្នំពេញ សៀមរាប ព្រះសីហនុ ហាណូយ ហូជីមិញ ដាណាំង សៀងហៃ ក្វាងចូវ ហៃគូ ចិនចូវ និងវៀងចន្ទន៍ ហើយនឹងគ្រោងហោះហើរទៅកាន់គោលដៅជាច្រើនផ្សេងទៀតនាពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ បានកំណត់ចក្ខុវិស័យរបស់ខ្លួន ជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់កម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រប្រតិបត្តិការសុវត្ថិភាព ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IOSA) និងជាសមាជិកផ្លូវការ របស់អង្គការនេះចាប់ឆ្នាំ២០១៧ ដែលធ្វើឱ្យក្រុមហ៊ុនទទួលបាននូវទំនុកចិត្តខ្ពស់ ពីអ្នកដំណើរ និងដៃគូអាជីវកម្មនានាទាំងក្នុង និងក្រៅប្រទេស។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ក៏បានបើកលក់សំបុត្រលំដាប់ថ្នាក់ធុរកិច្ច (Business Class) នាពេលថ្មីៗនេះ ហើយក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងបើកដំណើរការជើងហោះហើរ ទៅកាន់ប្រទេសសិង្ហបុរីផងដែរ។ ទាំងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ សូមរង់ចាំតាមដានជើងហោះហើរ និងប្រូម៉ូសិនថ្មីៗជាច្រើនបន្ថែមទៀតពីក្រុមហ៊ុន៕