(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនព្រមទាំងសម្ភារសម្រាប់សាងសង់ផ្ទះនៅជូនស្ត្រីមេម៉ាយ មានកូន៤នាក់ ក្នុងបន្ទុក ស្ថិតនៅភូមិតាមើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង។
លោក ថា ធិន ប្រធានភូមិតាមើ បានរាយការណ៍ថា លោកស្រី សូត ណៃ អាយុ ៥១ឆ្នាំ ជាស្ត្រីមេម៉ាយដែលត្រូវស្វាមីទទួលមរណភាពចោលដោយគ្រោះថ្នាក់ចរាចរណ៍កាលពី ១ឆ្នាំកន្លងទៅ ដោយបានបន្សល់ទុកកូន និងចៅនៅក្នុងបន្ទុកចំនួន៤នាក់ ប្រកបមុខរបរដើរសុីឈ្នួលគេ និងបានទទួលជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមរយៈបណ្ណក្រីក្រ ហើយបច្ចុប្បន្ន រស់នៅក្នុងខ្ទមប្រក់តង់កៅស៊ូតង់ នៅលើដីចំណីផ្លូវ។
លោក ថា ធិន បានបញ្ជាក់ថា កន្លងមកលោកស្រី សូត ណៃ គាត់មានផ្ទះ និងដីធ្លីរស់នៅដូចប្រជាជនផ្សេងៗទៀត តែត្រូវបានលក់ដូរដើម្បីបានប្រាក់ព្យាបាលជំងឺស្វាមី តែជាអកុសលស្វាមីរបស់គាត់បានទទួលមរណភាពចោលគាត់ និងកូន ហើយបានបន្សល់ទុកឱ្យគាត់គ្មានទីជម្រកស្នាក់នៅដូចបច្ចុប្បន្ននេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយសម្ដេច ក៏បានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន មានដូចជា៖ ស័ង្កសីចំនួន ៤០សន្លឹក អង្ករចំនួន ៥០គីឡូក្រាម មេជាតិចំនួន ២កេស ត្រីខកំប៉ុងចំនួន ២យួរ ទឹកត្រីទឹកស៊ីអ៉ីវចំនួន ២យួរ និងថវិកាមួយចំនួន។
ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវគ្រឿងឈើ និងសម្ភារមួយចំនួន ដើម្បីសាងសង់ជម្រកស្នាក់នៅជូនគាត់ និងបានប្រគល់ភារកិច្ចជូនអាជ្ញាធរឃុំ ភូមិ និងប្រជាការពារដើម្បីរួមគ្នារកទីតាំងក្នុងការសាងសង់ជម្រកស្នាក់នៅជូនគាត់ឱ្យបានសមរម្យផងដែរ។
លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង តំណាងឱ្យក្រុមគ្រួសារស្ត្រីមេម៉ាយ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងបានថ្លែងអំណរគុណឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ដែលតែងតែបានជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋទូទៅ ពិសេសនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងសូមគោរពជូនពរសម្ដេច លោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការីសូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕