(ភ្នំពេញ)៖ ក្រុមអាជីវករជាច្រើននាក់ដែលរកស៉ីលក់ដូរ នៅផ្សារទំនប់ ហៅផ្សារ «ងិន អាន» កាលពីពេលថ្មីៗនេះ បាននាំគ្នារត់ទៅប្តឹង អាជ្ញាធរសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ពួកគេផង ត្បិតអីលោក អ៊ូ សេដ្ឋានូ អតីតប្រធានផ្សារ និងកូនចៅ បានកាត់ផ្តាច់ភ្លើងរបស់ពួកគេ ដើរទារថ្លៃឈ្នួលតូប និងប្រើអំពើហិង្សាទៀតផង។
សូមបញ្ជាក់ថា តាមពិតទៅលោក អ៊ូ សេដ្ឋានូ បានផុតកំណត់កិច្ចសន្យាជួលដីផ្សារមួយនេះ ជាមួយក្រុមហ៊ុន New Rich កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥មកម្ល៉េះ ក្រោយពេលដែលលោក អ៊ូ សេដ្ឋានូ ខកខានការបង់ថ្លៃជួលរហូតដល់៦៤០០០ដុល្លារ (មួយខែ៨០០០ដុល្លារ) ប៉ុន្តែបើទោះបីផុតកិច្ចសន្យាក៏ដោយ ក៏លោក អ៊ូ សេដ្ឋានូ នៅតែប្រើកូនចៅដើរទារថ្លៃឈ្នួលតូបហើយបើនរណា មិនបង់ជូននោះ ត្រូវកាត់ភ្លើងមួយរំពេច និងពេលខ្លះទៀតបានទាត់ឥវ៉ាន់ របស់បងប្អូនអាជីវកររហូតប្រើអំពើហិង្សាទៀតផង។
តំណាងក្រុមហ៊ុន New Rich បានលើកឡើងថា «ឈ្មោះ អ៊ូ សេដ្ឋានូ បានផុតកិច្ចសន្យាជួល តាំងពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ប៉ុន្តែមិនបានប្រគល់ទីតាំងដី ទីតាំងផ្សារនេះ ទៅឲ្យម្ចាស់ដើមដែលជាម្ចាស់កម្មសិទ្ធិ លើទីតាំងហ្នឹងទេ។ ទីតាំងផ្សារនេះគឺជាដីឯកជន កម្មសិទ្ធិរបស់ក្រុមហ៊ុន New Rich មិនមែនជាផ្សារវិនិយោគរវាងរដ្ឋទេ ចឹងនេះគឺជាសិទ្ធិរបស់ម្ចាស់ផ្សារ ប៉ុន្តែម្ចាស់ផ្សារមិនបានប្រើសិទ្ធិ លើការកែប្រែផ្សារឲ្យទៅធ្វើជាផ្ទះល្បែង ធ្វើជារោងចក្រអីទេ គឺនៅផ្សារដដែល ក៏ប៉ុន្តែឈប់ជួលឲ្យបុគ្គល អ៊ូ សេដ្ឋានូ ដែលជាអ្នកជួល កណ្តាល ហើយជួលទៅអាជីវករដោយផ្ទាល់ ហើយតម្លៃឈ្នួលដែលក្រុមអាជីវករទទួល គឺល្អមិនថ្លៃដូចការឆ្លងកាត់អ្នកកណ្តាលទេ ហើយបើទោះបីមានដីការក្សាការពារពីតុលាការក៏ដោយ ក៏បុគ្គលនេះនៅតែទៅទារលុយ ពីអាជីវករទាំងខុសច្បាប់»។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុន New Rich ដែលជាម្ចាស់ទីតាំងផ្សារទំនប់ ហៅផ្សារងិនអាន ស្ថិតនៅស្ថិតនៅផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានចេញមកច្រានចោល ការចោទប្រកាន់របស់លោក អ៊ូ សេដ្ឋានូ ដែលជាអ្នក វិនិយោគផ្សារបច្ចុប្បន្ន ហើយសន្យាថា ក្រោយក្រុមហ៊ុនរបស់ខ្លួនទទួលបាន ទីតាំងផ្សារមកវិញ នឹងបន្តអភិវឌ្ឍន៍ ហើយយកតម្លៃ តូបលក់ដូរឲ្យបានសមរម្យជាទីបំផុត ស្របតាមកម្រិតជីវភាពរស់នៅរបស់បងប្អូន។
តំណាងក្រុមហ៊ុន បានលើកហេតុផលថា លោក អ៊ូ សេដ្ឋានូ ដែលបានជួលទីតាំងផ្សារទំនប់មករកស៉ីនោះ គឺបានជំពាក់ប្រាក់ជួល ជាង៦ម៉ឺនដុល្លារ ហើយមិនព្រមសងទើប ខាងក្រុមហ៊ុនទាមទារយកដីផ្សារនេះវិញតែម្តង។
តំណាងក្រុមហ៊ុនដែលមានថៅកែជាជនជាតិកូរ៉េ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះថា យោងតាមកិច្ចសន្យារវាងភាគីទាំង២ កាលអំឡុងខែតុលា ឆ្នាំ២០១១ ដែលបានព្រមព្រៀងគ្នានោះ គឺតម្រូវឲ្យលោក អ៊ូ សេដ្ឋានូ បង់ថ្លៃជួលដី ចំនួន៨ពាន់ដុល្លារ ទៅឲ្យភាគីក្រុមហ៊ុន ប៉ុន្តែចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ លោក អ៊ូ សេដ្ឋានូ មិនបានបង់ថ្លៃជួលដីឡើយ រហូតជំពាក់ចំនួន៦៤០០០ដុល្លារទៀតផង។
តំណាងក្រុមហ៊ុនរូបនេះ បានបញ្ជាក់ទៀតថា លុះដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ លោក អ៊ូ សេដ្ឋានូ បានធ្វើលិខិតសំណូមពរទៅកាន់ ក្រុមហ៊ុនសុំបន្តជួលដី រយះពេលមួយឆ្នាំទៀត ពោលឲ្យបានដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ព្រមទាំងសន្យាបង់ថ្លៃការជំពាក់ទាំង ៦៤០០០ដុល្លារនេះ ប៉ុន្តែរហូតមកដល់ពេលនេះ លោក អ៊ូ សេដ្ឋានូ មិនបានបង់ជូននោះឡើយ។
បើតាមតំណាងក្រុមហ៊ុនខាង បានលើកឡើងថា សម្រាប់ញត្តិដែលបង្ហាញពីឈ្មោះ និងស្នាមដៃអាជីវករនោះ បង្ហាញថា មិនមែនក្រុម អាជីវករទាំងអស់នោះឡើយ ហើយក៏ជាញត្តិចាស់ផងដែរ ខណៈក្រុមអាជីវករជាច្រើននាក់ សុំធ្វើការជាមួយក្រុមហ៊ុនផ្ទាល់គឺមាន ភាពងាយស្រួលជាង អ្នកជួលបន្ត។ ក្រុមហ៊ុនបានបង្ហាញការប្តេជ្ញាចិត្តថា នឹងបន្តអភិវឌ្ឍន៍ផ្សារមួយនេះ កាន់តែរីកចំរើនខ្លាំងឡើង ហើយយកតម្លៃតូបរបស់អាជីវករសមរម្យ ដើម្បីចូលរួមលើកតម្កើបកម្រិតជីវភាពរបស់ពួកគេ។
យោងតាមលិខិតរបស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ បានប្រាប់ទៅនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ចូលរួមសហការចុះអនុវត្តដីកាសម្រេចការពាររបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ យកទីតាំងខាងលើមកប្រគល់ឲ្យក្រុមហ៊ុន New Rich វិញ៕