(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលដ៏ធំធេង ផ្ដើមចេញសុទ្ធសាធពីគោលនយោបាយ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ខណៈទុនវិនិយោគចំណាយរហូតដល់ ១,១០០លានដុល្លារ។

នេះជាការលើកឡើងរបស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ក្នុងពិធីពិធីស្វាគមន៍ទទួលជើងហោះហើរ ពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្ដរជាតិ សៀមរាប-អង្គរ (SAI) នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។

លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងឱ្យដឹងថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគដល់ទៅ ១,១០០ លានដុល្លារ គឺបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយ នៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេស សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយគោលនយោបាយនេះ កំពុងបន្តពូនផ្តុំ និងថែទាំដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»

ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលចិន និងជាពិសេសការវិនិយោគ លើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ដែលជាមរតមនុស្សជាតិ ដែលជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងសង្គមសម្រាប់ប្រជាជាតិកម្ពុជា និងសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការដែកថែបរវាងប្រទេសទាំងពីរ។

លោកបានលើកឡើងថា «ក្នុងថ្ងៃជាប្រវត្តិសាស្ត្រនេះ ក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្រ្តី ខ្ញុំសូមជូនពរឱ្យមិត្តភាពនៃប្រទេសយើងទាំងពីរ (កម្ពុជា-ចិន) កាន់តែរឹងមាំខ្លាំងក្លា និងស្ថិតស្ថេរជាដរាប»

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។

ពីធីសម្ពោធជាផ្លូវការ អាកាសយាន្តដ្ឋានអន្តរជាតិថ្មីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន៕