(សៀមរាប)៖ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ (ថ្មី) នឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី វង្សី វិស្សុត អញ្ជើញជាអធិបតីភាព ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរ ពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ (SAI) នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ដ្រី វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ នឹងដាក់ឲ្យប្រើប្រាស់ផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងសម្ពោធជាផ្លូវការ នៅរយៈពេលមួយខែទៀត»

បើតាមការបញ្ជាក់ របស់ឧបនាយករដ្ឋមន្ដ្រី វង្សី វិស្សុត, ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិនេះ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ និងការសាងសង់ត្រូវបន្តអនុវត្ត រហូតបានចប់ជាស្ថាពរ ក្នុងរាជរដ្ឋាភិបាល នៃនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។

ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។

អាកាសយានដ្ឋានថ្មី​ ដែលមានទីតាំងស្ថិត នៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប៕