(ពោធិ៍សាត់)៖ តាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា រយៈពេល០៣ថ្ងៃ (គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣) ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ ទូទាំងខេត្តពោធិ៍សាត់ កើតមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន០២លើក បណ្តាលឱ្យរងរបួងធ្ងន់ស្រាលមនុស្ស ចំនួន០៣នាក់ ខូចខាតរថយន្ត០១គ្រឿង និងម៉ូតូ០២គ្រឿង តែមិនបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សឡើយ។

របាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមាន០២លើកនោះ គឺនៅក្រុងពោធិ៍សាត់ ០១លើក និងស្រុកក្រគរ ០១លើក។ បើប្រៀបធៀបរយៈពេលដូចគ្នា នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ០១លើក (គ្រោះថ្នាក់ចរាចរណ៍ឆ្នាំមុន០៣លើក) ។

ក្នុងរយៈពេល០៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌនេះ កម្លាំងសមត្ថកិច្ច បានសហការជួយកម្លាំងជំនាញពាក់ព័ន្ធ បានធ្វើការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ចូលរួមពិធីបុណ្យ និងធ្វើដំណើរកំសាន្តសប្បាយ តាមរមណីយដ្ឋាននានាទទួលបានលទ្ធផលល្អប្រសើរ។

សូមជម្រាបថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ និងស្រវឹង៕