(ពោធិ៍សាត់)៖ ក្នុងអំឡុងពេល នៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន៦៤,៤៧១នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ៦៤,៤១៤នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៥៧នាក់។

នេះបើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។

ក្នុងរបាយការណ៍នោះ បានបញ្ជាក់បន្ថែមថា នាឱកាសបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ សម្រាប់រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់ ទាំង២៨កន្លែង ភ្ញៀវទេសចរមានចំនួន២៣,៤៤៣នាក់ ក្នុងនោះមានទេសចរជាតិមានចំនួន២៣,៤២១នាក់ និងទេសចរអន្តរជាតិ មានចំនួន២២នាក់។

សម្រាប់រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន៦៤,៤៧១នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ៦៤,៤១៤នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៥៧នាក់។ បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា នៃពិធីបុណ្យភ្ជុំ ឆ្នាំ២០២២ ភ្ញៀវទេសចរមានការថយចុះ ៣៣.១៥% (ទេសចរឆ្នាំមុន មានចំនួន៩៦,៤៥២នាក់)។

ប្រភពបានបន្ថែមទៀតថា ក្រុមការងារមន្ទីរបានចុះសហការ និងធ្វើការទំនាក់ទំនងជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ​ និងសហគមន៍ទេសចរណ៍​ ក្នុងការពង្រឹងគុណភាពផលិតផល រក្សាតម្លៃផលិតផល​ និងសេវាកម្មទេសចរណ៍​ ព្រមទាំងថែរក្សាអនាម័យ​សុវត្ថិភាព​ចំណីអាហារ​ និងបរិស្ថាន​។ ជាមួយគ្នានោះរាល់តម្លៃសេវាកម្មស្នាក់នៅ​ ម្ហូបអាហារ​ និងសេវាផ្សេងៗ​ ត្រូវបានដាក់បញ្ជាក់ច្បាស់ៗក្នុងតារាងបញ្ជីតម្លៃ​ និងបានដាក់ភាសាខ្មែរនៅ​ខាងលើ ភាសាបរទេសនៅខាងក្រោម​។

ចំពោះសភាពការណ៍ទូទៅ តាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានាក្នុងខេត្ត បានប្រព្រឹត្តទៅជាធម្មតាដោយពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ៕