(ពោធិ៍សាត់)៖ រដ្ឋបាលសាលាខេត្ត បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរៈរាជបិតាជាតិខ្មែរ គម្រប់ខួប១១ឆ្នាំ នៅបុរីវប្បធម៌កោះសំពៅមាសជាទីប្រជុំជន ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នាថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បច្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ស្រុក ក្រុង ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រមាណ៧០០នាក់។
ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហាធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមវិសេសវិសាលរបស់ព្រះអង្គនោះ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំឱ្យមានការតុបតែងលម្អដាក់តាំងព្រះបរមឆាយាលក្ខណ៍ បំភ្លឺភ្លើងព៌ណ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ នៅតាមមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង រហូតដល់មូលដ្ឋាន។ ចំពោះកន្លែងគោរពពិធី ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន បានចូលរួមដាក់កូរោនដែលមាន១១ផែន ប្រទានព្រះអគ្គីជ័យ ទាន ធូប ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ព្រមទាំងនិមន្តព្រះសង្ឃចំនួន៧អង្គ បង្សុកូលឧទ្ទិសថ្វាយព្រះរាជកុសលផលបុណ្យ ទៅតាមគន្លងនៃព្រះពុទ្ធសាសនា។
ផ្អែកតាមសាលិខិតរបស់រដ្ឋបាលខេត្ត ដោយបានបញ្ជាក់ថា នេះគឺជាបុណ្យគម្រប់ខួប១១ឆ្នាំ ដែលទូលព្រះបង្គំយើងខ្ញុំ ជាកូនចៅចៅទួត ក្នុងជួរក្រុមប្រឹក្សា គណៈអភិបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ព្រះសង្ឃ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋគ្រប់សញ្ញាតិទូទាំងខេត្តពោធិ៍សាត់ សូមសម្តែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំក្រៃលែង រកទីបំផុតគ្មាន ចំពោះការយាងទីវង្គតរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រព្រះវរៈរាជ្យ បិតាឯករាជ្យបូរណៈភាព និងឯករាជ្យជាតិខ្មែរ។ ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ៏ ១១កើត ខែកក្កិក ឆ្នាំច ចត្វាស័ក ព.ស២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទីវង្គតនៅថ្ងៃចន្ទ ១៥រោជ ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យទីក្រុងបេកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយទទួលព្រះបរមបប្ឆាមរណនាម Çព្រះបរមរតនកោដ្ឋÈ។ ព្រះអង្គគឺជាព្រះមហាក្សត្រមួយព្រះអង្គប្រកបដោយទសពិតរាជធម៌កម្ររកបាន ជាក្សត្រមានបទពិសោធន៍ជាចាស់ទុំ ក្នុងចលនាបង្រួបបង្រួម និងផ្សះផ្សាជាតិ មហាសាមគ្គីភាព ឯកភាពជាតិរឹងមាំ ជាអគ្គពុទ្ធសាសនូបត្ថម្ភខ្មែរ និងជាព្រះរាជឧបត្ថម្ភបិតា នៃពុទ្ធសាសនិកពិភពលោក ។
ការសោយព្រះទីវង្គត គឺជាការបាត់បង់នូវព្រះមហាវីរៈក្សត្រដ៏ឆ្នើម ដែលព្រះអង្គបានបូជាព្រះកាយពលបញ្ញាញាណ ចំពោះជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរ និងជាការបាត់បង់នូវកំពូលស្ថាបនិកសន្តិភាពជាតិ អន្តរជាតិ ដោយព្រះអង្គជាក្សត្រ ដ៏មានប្រជាប្រិយ៍ភាពជាទីបំផុត។ នេះជាថ្ងៃចុងក្រោយ ត្រូវបែកឆ្ងាយពីព្រះភក្រ្ត័ និងព្រះកាយជារៀងរហូតពីព្រះអង្គ។ ទូលព្រះបង្គំយើងខ្ញុំ ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ ទូទាំងខេត្តពោធិ៍សាត់ សូមលើកអញ្ជលីបូងសួងសំបូង សំរូងដល់គុណកែវទាំងបី គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបារមីព្រះមហាក្សត្រជំនាន់មុនៗ សូមជួយយិតយោងព្រះវិញ្ញាណក្ខន្ធ សម្តេចតាសម្តេចតាទួតឲ្យបានទៅកាន់សុគតិភព ពោលគឺសួគ៍និព្វានកុំបីឃ្លៀងឃ្លាតឡើយ។ ទួលព្រះបង្គំយើងខ្ញុំ សូមថ្វាយព្រះរាជកុសល ដល់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវរាជមាតា ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល សូមឲ្យព្រះអង្គ ទទួលបានសេចក្តី សុខចម្រើន ក្នុងព្រះរាជសម្បត្តិ មានព្រះសុខភាពជន្មាយុយឺនយូ ទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ព្រះពុទ្ធសាសនា និងប្រជាពលរដ្ឋខ្មែរតរៀងទៅ៕