(ពោធិ៍សាត់)៖ អំណោយរបស់អតីតសិស្ស សាលាកម្រិតសិក្សាទី២ ពោធិ៍សាត់ ឆ្នាំសិក្សា១៩៧៩-១៩៨២ រួមមានអង្ករ១៥តោន មី១០០កេស ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០យួរ និងត្រីខ១០០យួរ និងអំណោយ របស់លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយករដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ និងលោកស្រី រួមមានអង្ករ១៥តោន មី១០០កេស ត្រីខ១០០យួរ ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០យួរនិងមី១០០កេស បានប្រគល់ជូនលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សម្រាប់ចាត់ចែងតាមភាពចាំបាច់ និងផ្តល់ជូនប្រជាពលរដ្ឋដែលខ្វះខាត និងទទួលរងការប៉ះពាល់ជំនន់ទឹកភ្លៀង។

ពិធីប្រគល់ទទួលអំណោយខាងលើនេះ ត្រូវបានធ្វើឡើងនៅវេទិកាក្នុងសាលាខេត្ត នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត និងមន្ត្រីសាលាខេត្តមួយចំនួនទៀត។

លោក ​ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយករដ្ឋករទឹកស្វយ័ត ក្រុងភ្នំពេញ និងលោកស្រី ព្រមទាំងសហការី និងអតីតសិស្សសាលាកម្រិតសិក្សាទី២ ពោធិ៍សាត់ ឆ្នាំសិក្សា១៩៧៩-១៩៨២ ដែលបានចូលរួមជួយឧបត្ថម្ភស្បៀង និងគ្រឿងឧបភោគ បរិភោគដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចាត់ចែងតាមភាពចាំបាច់ និងផ្តល់ជូនប្រជាពលរដ្ឋ ដែលទទួលរងការប៉ះពាល់ ដោយជំនន់ទឹកភ្លៀង។ការចូលរួមកិច្ចការងារសង្គមទាំងនេះ ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយទ្រទ្រង់ និងដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលកន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ទទួលរងយ៉ាងធ្ងន់ធ្ងរ នូវគ្រោះជំនន់ទឹកភ្លៀង បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដំណាំកសិកម្ម និងប្រជាពលរដ្ឋមួយចំនួនជួបកង្វះខាតស្បៀង ទាមទារឱ្យការជួយអន្តរាគមន៍។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ស្បៀង និងគ្រឿងឧបភោគ បរិភោគទាំងអស់នេះ រដ្ឋបាលខេត្តយកទៅចែកជូនប្រជាពលរដ្ឋឱ្យចំគោលដៅ និងមានតម្លាភាព ដើម្បីឱ្យស្របទៅនឹងគោលបំណងរបស់ម្ចាស់ជំនួយចង់បាន។ នូវរាល់អំណោយទាំងស្បៀង និងគ្រឿងឧបភោគ បរិភោគដែលរដ្ឋបាលខេត្តទទួលបាន ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា និងអំណោយផ្សេងៗទៀត ត្រូវបានក្រុមការងារយកទៅចែកជូនប្រជាពលរដ្ឋនៅស្រុកណ្តៀង ក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរ និងបានឆ្លើយតបបានទាន់ពេលវេលា មិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងនោះឡើយ។

នៅក្នុងខណៈនោះ លោក ខូយ រីដា បានប្រគល់លិខិតថ្លែងអំណរគុណ ជូនចំពោះលោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយករដ្ឋករទឹកស្វយ័ត ក្រុងភ្នំពេញ និងអតីតសិស្សសាលាកម្រិតទី២ ពោធិ៍សាត់ ឆ្នាំសិក្សា១៩៧៩-១៩៨២នាពេលនោះផងដែរ៕