(ភ្នំពេញ)៖ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ច្បាស់ៗថា សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នស្របច្បាប់តែមួយគត់ ដែលរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការ អ្នកមានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជា។

ការចេញសេចក្តីជូនដំណឹងនេះ ធ្វើឡើងដើម្បីបញ្ចប់នូវការយល់ច្រឡំមួយចំនួន ចំពោះការរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការ អ្នកមានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជា។

សេចក្តីជូនដំណឹងបានបញ្ជាក់ដូច្នេះថា «សមាគមឧកញ៉ាកម្ពុជា មានកិត្តិយសសូមគោរពទូលថ្វាយ និងគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា សមាជិក សមាជិកា និងសាធារណជនទាំង អស់មេត្តាជ្រាបថា តាមបញ្ញត្តិនៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យគោរមវន្ត មានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា និងមានសិទ្ធិ ពេញលេញលើការធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះ ក៏ដូចជារៀបចំចាត់ចែងឯកសណ្ឋានផ្លូវការ សម្រាប់គោរមវន្តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យដូចបានគោរពទូលថ្វាយ និងគោរពជម្រាបជូនខាងលើនេះ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា សមាជិក សមាជិកា និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មានតាមការគួរ»