(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ត្រូវបានផ្តល់ជូននូវងារកិត្តិយសជា «សាស្ត្រាចារ្យកិត្តិយស/ Guest Professor» ពីសាកលវិទ្យាល័យចឹងចូវ។

នេះជាការទទួលស្គាល់នូវសមិទ្ធផលរបស់អគ្គលេខាធិការអាស៊ានក្នុងវិស័យវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ។

បន្ទាប់មក បណ្ឌិត កៅ គឹមហួន ក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នារវាងសាកលវិទ្យាល័យចឹងចូវ និងសាកលវិទ្យាល័យកម្ពុជាផងដែរ។ 

នៅរសៀលថ្ងៃដដែល អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Wang Kai អភិបាលខេត្តហឺណាន។ ភាគីទាំងពីរបានពិភាក្សាអំពីវិស័យកិច្ចសហប្រតិបត្តិការនានាដែលអាចធ្វើទៅបានរវាងខេត្តហឺណាន ទីក្រុងចឹងចូវ និងអាស៊ាន ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការតភ្ជាប់ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាដើម។

ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីរិះរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងខេត្តហឺណាន ដើម្បីគាំទ្រដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិន៕