(កំពង់ឆ្នាំង-ពោធិ៍សាត់)៖ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាកេរ្តិ៍តំណែលរបស់ពុទ្ធបរិស័ទគោរពប្រតិបត្តិតរៀងមក នាថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានសហការជាមួយប្រធានមន្ទីរធម្មការខេត្ត ព្រះមេគណខេត្ត និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅ នៅតាមទីអារាមចំនួន១៥វត្ត នៃខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

លោក ចាយ បូរិន បានលើកឡើងផងដែរថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។

លោករដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ក៏បានរំលឹកដល់ប្រជាពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងស្រុកក្រវាញ ខេត្តពោធិសាត់ ត្រូវប្រុងប្រយ័ត្នយកចិត្តទុកដាក់ថែទាំសុខភាព ពោលគឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីបង្ការនូវផលលំបាកផ្សេងៗ។ ពិសេសនារដូវទឹកស្រកនេះ ត្រូវខិតខំបង្កបង្កើនផល និងបង្កើនមុខរបរកទទួលទាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅក្នុងក្រុមគ្រួសារ  ។

នៅក្នុងឱកាសប្រកបដោយបីតិសោមនស្សជ្រះថ្លានេះដែរ លោក ចាយ បូរិន បានប្រគេននូវទេយ្យទាន ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់វត្តចំនួន១៥ ក្នុងនោះ នៅខេត្តកំពង់ឆ្នាំង ចំនួន៥វត្ត និងខេត្តពោធិ៍សាត់ចំនួន១០វត្ត ដោយក្នុងមួយវត្ត ៗប្រគេនអង្ករចំនួន ៥០០គីឡូក្រាម មី២៥កេស និងបច្ច័យមួយចំនួន ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា នៅក្នុងខេត្តទាំងពីរ៕