(ភ្នំពេញ)៖ និស្សិតខ្មែរចុះធ្វើកម្មសិក្សា និងបំពេញការងារនៅតាមកសិដ្ឋាននានាក្នុង ប្រទេស​អ៉ី​ស្រាអែល បានថតបង្ហាញសកម្មភាពការងាររបស់ពួកគេបញ្ជូនទៅក្រុមគ្រួសារ ក៏ដូចជាគ្រូ នៅតាមសាលារបស់ពួកគេផងដែរ។

តាមរយៈវីដេអូទាំងនេះ ក្រុមនិស្សិតខ្មែរ បានអះអាងថា ពួកគេកំពុងបំពេញការងារជាធម្មតា នៅតាមកន្លែងការងាររបស់ពួកគេ ហើយបានបញ្ជាក់ដែរថា ពួកគេមានសុវត្ថិភាពជាធម្មតា។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មាននិស្សិតខ្មែរប្រមាណ ៤៥២នាក់ កំពុងធ្វើកម្មសិក្សា និងបំពេញការងារនៅក្នុងប្រទេសអ៉ីស្រាអែល។ នៅចំពោះមុខវិបត្តិនៃជម្លោះរវាង​អ៉ីស្រាអែល និងក្រុមហាម៉ាស់នោះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពរបស់ពួកគេ។ និស្សិតទាំងអស់ ត្រូវបានជម្លៀសមកកាន់ទីសុវត្ថិភាព ដោយមានការការពារយ៉ាងតឹងរឹង ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៉ីស្រាអែលនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់ម្ចាស់កសិដ្ឋានដែលពួកគេកំពុងស្នាក់នៅ និងហាត់ការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាពរបស់និស្សិតនៅអ៉ីស្រាអែល ហើយតាមដានជាប់ជាប្រចាំលើការរស់នៅរបស់ពួកគេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានក្រសួង​ការ​បរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំយុវជននិងកីឡា អគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់ការវិវឌ្ឍន៍នូវសភាពការណ៍នៅក្នុងប្រទេសអ៉ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវសុខទុក្ខ ជាពិសេសសុវត្ថិភាពរបស់ប្អូនៗទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍បានផ្ទុះឡើកាលពីថ្ងៃទី ៧ ខែតុលា គឺមួយសប្តាហ៍មុននេះ។

សម្តេចធិបតី បានបញ្ជាក់ដែរថា ដោយសារស្ថានភាពវិវត្តន៍ប្រែប្រួលនៅក្នុងប្រទេស​អ៉ីស្រាអែល ជាពិសេសនៅតំបន់ហ្កាសា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ សម្តេចបានប្រគល់ភារកិច្ចឱ្យក្រុមការងារ​របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៉ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេស៊ីបនិងប្រទេសចរដិន ដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រពីតំបន់ហ្កាសា៕