(កំពង់ធំ)៖ ព្រឹកថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២៣ រដ្ឋបាលស្រុកស្ទោង បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះបរមរតនកោដ្ឋ គំរប់ខួបលើកទី១១ព្រះវស្សា ថ្ងៃទី១៥ ខែតុលា ២០១២ - ១៥ ខែតុលា ២០២៣ នៅវត្តឥន្ទរង្សី ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងមានការអញ្ជើញចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងទាំងបី ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទក្នុងស្រុកស្ទោងផងដែរ។   

ទាំងនេះគឺជាការតបស្នងសងគុណដល់ព្រះអង្គដែលបានលះបង់នូវព្រះកាយពលទ្រង់មួយព្រះជន្មដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជានុរាស្ត្ររបស់ព្រះអង្គទូទាំងនគរ ជាពិសេសគឺការទាមទារឯករាជ្យជាតិពេញបរិបូណ៌ពីអាណានិគមនិយមបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងដឹកនាំនាវាកម្ពុជាបានរុងរឿងក្សេមក្សាន្តជាពិសេសនៅក្នុងសម័យសង្គមរាស្ត្រនិយមដែលព្រះរាជាណាចក្រកម្ពុជាមានការលេចធ្លោនៅលើឆាកអន្តរជាតិ។

ជាមួយនេះផងដែរដើម្បីបួងសួងថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះបរមរតនកោដ្ឋនិងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់អង្គនិងព្រះរាជវង្សានុវង្ស សូមបានយាងទៅកាន់ទីបរមសុខ និព្វាន កុំបីអាក់ខានឡើយ។

ក្នុងឱកាសនេះដែរក៏មានការប្រគេននៅទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃនិងមានការបំពាក់នៅកម្រងផ្កាដើម្បីគោរពព្រះវិញ្ញាណខណ្ឌព្រះអង្គ។      

គួររំលឹកផងដែរថាព្រះបាទ សម្ដេចព្រះបរមរតនកោដ្ឋ ព្រះនរោត្តមសីហនុ ព្រះអង្គទ្រង់ប្រសូត្រនៅថ្ងៃទី ៣១ ខែតុលាឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញ និងបានសោយទីវង្គតនៅថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សានៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមហាមិត្តរបស់ព្រះអង្គ និងព្រះរាជាណាចក្រកម្ពុជាយើង៕