(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣មក បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីបបានចូលលុកលុយអ៊ីស្រាអែលភាគខាងត្បូដ៏គួរឲ្យភ្ញាក់ផ្អើល ដែលនាំឲ្យអ៊ីស្រាអែលប្រកាសសង្រ្គាមលើក្រុមហាម៉ាសនៅហ្គាហ្សានៅថ្ងៃទី ៨ខែតុលា ឆ្នាំ២០២៣នេះមក ដោយបានវាយប្រហារយ៉ាងខ្លាំងក្លា បានសម្លាប់មនុស្សជាង២២១៥នាក់ ក្នុងនោះមាន ៧២៤នាក់ជាកុមារ និងស្ត្រី៤៥៨នាក់ ហើយជាង ៨៧១៤នាក់បានរងរបួស ពិសេសការផ្ដាច់ទឹក-ភ្លើង និងជម្លៀសប្រជាជនជាង១លាននាក់ ឲ្យចាកចេញពីផ្ទះសម្បែងទាំងអស់ពីតំបន់ហ្គាហ្សាក្នុងរយ:ពេលតែ២៤ម៉ោងប៉ុណ្ណោះ ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នេះពិតជាបានឆ្លុះបញ្ចាំងអំពីអសីលធម៌សង្រ្គាមរវាងអ៊ីស្រាអែល-ក្រុមហាម៉ាសបា៉ទ្បេស្ទីន យ៉ាងពិតប្រាកដ។ពីព្រោះរវាងគូបក្ខដិបក្ខសង្រ្គាមទាំងពីរនេះ យើងអាចចោទជាសំនួរដ៏សាមញ្ញមួយថា តើសីលធម៌សង្រ្គាមរវាងអ៊ីស្រាអែល-ក្រុមហាម៉ាសបា៉ទ្បេស្ទីន គូភាគីជម្លោះនីមួយៗ គួរនាំគ្នាបំភ្លេចចោលឬទាត់ចោលនូវសីលធម៌សង្គ្រាមឬយ៉ាងណា ?
ពីព្រោះថា ចាប់តាំងពីថ្ងៃកើតសង្រ្គាមរហូតមកដល់ពេលនេះ រវាងគូបក្ខដិបក្ខនៃសង្រ្គាមទាំងពីរហាក់បង្ហាញនូវអំពើកាន់តែឃោរឃៅមកលើជនស៊ីវិលដ៏ច្រើននិងពោរពេញទៅដោយអំនួតរៀងៗខ្លួន។ ហេតុនេះចំពោះអំពើឃោឃៅមកលើជនស៊ីវិលមិនថាជនរងគ្រោះជាជនជាតិអ្វីនោះទេ ប្រសិនបើពិភពលោកមើលរំលងឬបដិសេធនូវអំពើឃោរឃៅមកលើជនរងគ្រោះស៊ីវិលនៃភាគីណាមួយ គឺអ្នកនោះជាជនខ្វះសីលធម៌។
មានន័យថាស្មើនិងលើកទឹកចិត្តឲ្យគូភាគីបក្ខដិបក្ខនីមួយៗ នៃជម្លោះ សម្លាប់ជនស៊ីវិល កាន់តែអាក្រក់គ្មានញញើតដៃ និងជាការក្បត់នូវតម្លៃសីលធម៌ជាមូលដ្ឋាន។
លោក រ័ត្ន សណ្តាប់ បន្ដថាបច្ចុប្បន្នចំពោះរដ្ឋាភិបាលអ៊ីស្រាអែលដែលកំពុងរៀបចំ វាយចូលលុកលុយកាន់កាប់តំបន់ហ្គាហ្សា ដែលគំរាមកំហែងដល់តម្លៃមនុស្ស ប្រសិនបើបរាជ័យខាងផ្នែកសីលធម៌ដ៏គួរភ័យរន្ធត់នោះ គឺរដ្ឋាភិបាលអ៊ីស្រាអែល ក៏បានបំពានលើសីលធម៌ដូចគ្នា និងពួកហាម៉ាសផងដែរ ។ ហេតុនេះយុត្តិធម៌សម្រាប់ជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីនមិនអាចរកឃើញតាមរយៈរបៀបនៃការសម្លាប់រង្គាលក្នុងចេតនាបង្ហូរឈាមនោះទេ ។
ព្រោះក្នុងគំនិតរបស់មនុស្សខ្លះហាក់យល់ថា នៅពេលដែលយោធាអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន ពួកគេហាក់គិតអំពី "ការខូចខាតវត្ថុបញ្ចាំប៉ុណ្ណោះ" មិនមែនជាការបែកបាក់និរាសព្រាត់ប្រាស់ក្រុមគ្រួសារនោះទេ ។
បើឈរលើគំនិតបែបនេះ គឺស្ថានការណ៍ហិង្សាបាននឹងកំពុងប្រែក្លាយទៅជាឧបករណ៍អសីលធម៌នៃសង្រ្គាម ដែលអនុញ្ញាតឲ្យពួកគេអបអរសាទរនៃការសម្លាប់ជនស៊ីវិលជាសត្រូវរបស់ពួកគេដែលគ្មានកំហុស និងបង្កើតលក្ខខណ្ឌសម្រាប់ការប្រកាន់ពូជសាសន៍ និងអំពើហិង្សាកាន់តែខ្លាំងក្លាថែមទៀត ។
ជាសរុបលោក រ័ត្ន សណ្តាប់ បញ្ជាក់ថាចំពោះការបាត់បង់នៃតម្លៃសីលធម៌សង្រ្គាម ដោយការរំលោភសិទ្ធិមនុស្សរបស់អ៊ីស្រាអែលនេះ គឺអ៊ីស្រាអែល ក៏ត្រូបានគេវរិះគន់ដូចគ្នានិងក្រុមហាម៉ាសប៉ាឡេស្ទីន។ ទោះបីជាភាពខុសគ្នារវាងអំណាចដ៏ខ្ពង់ខ្ពស់របស់អ៊ីស្រាអែល និងទង្វើរបស់ក្រុមហាម៉ាស មានគោលដៅមកលើជនស៊ីវិល យ៉ាងណាក្ដី ក៏ពុំគួរភាគីជម្លោះនីមួយៗបំភ្លេចចោលនូវសីលធម៌សង្រ្គាមជាមូលដ្ឋាននោះឡើយ ។
ដូច្នេះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅទីបញ្ចប់នឹងរកឲ្យឃើញពីរបៀបដោះស្រាយដែលល្អបំផុតនោះមានតែនយោបាយឈ្នះ-ឈ្នះគឺសន្តិភាព៕