(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានស្នើឲ្យសាធារណជនដែលត្រូវប្រើប្រាស់ផ្លូវជាតិលេខ៣ មេត្តារកផ្លូវវាងបណ្តោះអាសន្នគ្រាដែលផ្លូវជាតិលេខ៣រងការជន់លិច។

នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ អភិបាលខេត្តកំពង់ស្ពឺ ពេលចុះពិនិត្យជាក់ស្តែងស្ថានភាពជំនន់ទឹកភ្លៀង លោកបានអំពាវនាវឲ្យវាងតាមផ្លូវជាតិលេខ២ ឬតាមបណ្ដោយផ្លូវជាតិលេខ៤១សិន។ មូលហេតុដោយសារជំនន់ទឹកភ្លៀងបានបង្កការជនលិចផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃនុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៨។

លោក ចែម ភឺនរីមវុទ្ធី អភិបាលស្រុកគងពិសី បានឲ្យដឹងថា ជំនន់ទឹកភ្លៀងកំពុងជនទិចកំណាត់ផ្លូវជាតិលេខ៣ ប្រម៉ាណជិត១គីឡូម៉ែត្រ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់រថយន្តធន់ធំមួយចំនួន ហើយប្រជាពលរដ្ឋចំនួន៥ឃុំ ក្នុងស្រុកគងពិសី រងផលប៉ះពាល់ ដោយឡែកតែឃុំរងផលប៉ះពាល់ធ្ងន់ជាងគេគឺស្នុំក្រពើ ដែលត្រូវជួយសង្គ្រោះ។

អភិបាលស្រុកគងពិសី បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣រងការលិចលង់ ខាងមន្ទីរជំនាញកំពុងស្នើសុំឲ្យផ្អាកជាបណ្តោះអាសន្នតែដោយស្ថានភាពទឹកលិចតែមួយចំហៀងផ្លូវខាងខេត្តកំពង់ស្ពឺ៕