(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ គឺខួបគម្រប់១១ឆ្នាំ នៃការសោយទីវង្គតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ វររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

ក្នុងឧិកាសដ៏ថ្លៃថ្លានៃពិធីថ្វាយព្រះរាជកុសលនេះដែរ គណៈប្រតិភូសាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ រួមនឹងមន្ត្រីរាជការ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរទាំង២៥ បានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋនៅស្តូបព្រះបរមរូបរបស់ព្រះអង្គ នៅលើសួនច្បារខាងកើតវិមានឯករាជ្យ។

ប្រតិភូសាលារាជធានីភ្នំពេញ ដែលបានចូលរួម បានសំរួមកាយវាចារចិត្តដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត និងនឹករលឹកបំផុតដល់អង្គសម្តេចឪ បើទោះបីព្រះអង្គបានចូលព្រះទីវង្គតអស់រយៈពេល១១ឆ្នាំកន្លងមកហើយក្តី។

នៅចំពោះមុខព្រះបរមរូប និងកម្រងផ្កា ដែលមានចារឹកអង្សរពណ៌មាសថា៖

ចងចាំជានិច្ចព្រះរាជគុណូបការព្រះករុណា ព្រះបរមរតនកោដ្ឋ និងសូមថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គបានដល់ទីដ្ឋានដ៏ខ្ពង់ខ្ពស់ជាឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ កូនចៅចៅទួតរបស់ព្រះអង្គ នៅតែចងចាំ និងដក់ជាប់ក្នុងក្រអៅបេះដូង មិនអាចបំភ្លេចបាន ចំពោះព្រះភក្រ ប្រកបដោយក្តីស្រឡាញ់មេត្តា និងគុណូបការដ៏ធំធេង ដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។ កូនចៅបន្តដើរតាមលំអានរបស់ព្រះករុណាព្រះបរមរតនកោដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៦ និងជាស្ថាបនិកសន្តិភាព និងសម្តេចមហាបវរធិបតី ហ៊ុន ណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ រីកចំរើនឲ្យបានខ្លាំងក្លាថែមទៀត៕