(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត យឹម ឆៃលី បានទូលថ្វាយសារថ្លែងអំណរព្រះគុណជូន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តមជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ» ឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី។

ក្នុងសារលិខិតថ្លែងអំណរគុណព្រះគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ លោកវេជ្ជបណ្ឌិត យឹម ឆៃលី បានរៀបរាប់យ៉ាងដូច្នេះថា «ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅថ្វាយ ព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឬទ័យ ចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់តែងតាំងទូលព្រះបង្គំ ខ្ញុំព្រះករុណា ជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។

ជាការតបស្នងចំពោះព្រះរាជគុណូបការៈ និងព្រះរាជហឬទ័យដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ទូលព្រះបង្គំជាខ្ញុំសូមប្តេជ្ញាចិត្ត ស្មោះស្ម័គ្រលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងស្មារតី ដើម្បីបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ និងបន្តរួមចំណែកបម្រើ និងអភិវឌ្ឍន៍ជាតិមាតុភូមិ ដើម្បីសុខសន្តិភាព និងវិបុលភាពជានិច្ចនិរន្តរ៍។

ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខបវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈ សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រ ទូទាំងព្រះរាជាណាចក្រកម្ពុជា»។

ខាងក្រោមនេះ ជាសារថ្លែងអំណរព្រះគុណរបស់លោកវេជ្ជបណ្ឌិត យឹម ឆៃលី៖