(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធ ធ្វើពិធីរៀបចំគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិ គម្រប់ខួបទី១១ឆ្នាំ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីរំលឹក និងសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពល ដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា នៅសាលាខេត្តកំពង់ធំ។
នៅក្នុងពិធីនោះដែរក៏មានការនិមន្តព្រះសង្ឃសូត្រមន្ត និងចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសដល់ព្រះវិញ្ញាក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ និងមានកិច្ចប្រោសព្រំសូមសេចក្តីសុខ សេចក្តីចម្រើនជូនដល់ថ្នាកដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តផងដែរ។ គំរូវីរភាពរបស់សម្តេចព្រះបិតាឯករាជជាតិខ្មែរ ធ្វើឲ្យកូនទាំងអស់គ្នាចង់ចាំ និងគោរពដឹងគុណគ្មានថ្ងៃបំភ្លេចបានឡើយ៕