(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូក្រសួងចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មេរ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។

នាឱកាសនោះ លោក ឆាយ ឫទ្ធិសែ ព្រមទាំងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានគោរពបួងសួងឧទ្ទិសព្រះបរមរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» សូមស្តេចយាងបដិសន្ធិក្នុងទីព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងគោរពបួងសួងសូមឱ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គតាមជួយថែរក្សាព្រះរាជាណាចក្រកម្ពុជាឱ្យបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព បន្តការអភិវឌ្ឍតទៅមុខ ប្រជានុរាស្ត្ររស់ប្រកបដោយក្ដីសុខដុមរមនាតរៀងទៅ។

គួរជម្រាបថា ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១៖២០នាទីយប់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនក្នុងព្រះជន្មាយុ៩០ព្រះវស្សា។ សម្រាប់ឆ្នាំ២០២៣នេះ គឺជាខួប១១ឆ្នាំហើយនៃការយាងសោយទិវង្គតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»

«ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា ពិសេសគឺការទាមទារឯករាជ្យជូនប្រជាជាតិកម្ពុជាពីអាណានិគមនិយមបារាំងកាលពីឆ្នាំ១៩៥៣ ការដឹកនាំកសាងសង្គមរាស្ត្រនិយមប្រកបដោយភាពល្បីល្បាញ (១៩៥៥-១៩៧០) ការចូលរួមចរចាបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជាក្រោយរបបខ្មែរក្រហមដួលរលំ ការគាំទ្រនូវនយោបាយស្វែងរកសន្តិភាពជូនប្រជានុរាស្ត្រឡើងវិញ ព្រមទាំងព្រះរាជកិច្ចជាច្រើនអនេកផ្សេងទៀតសម្រាប់ប្រជានុរាស្ត្រ និងដែនដីខេមរភូមិន្ទរបស់ព្រះអង្គ សេចក្ដីស្រឡាញ់ សេចក្ដីមេត្តាចំពោះប្រជានុរាស្ត្រខ្មែរដែលមិនចេះរីងស្ងួត៕