(ភ្នំពេញ)៖ ម្តាយ ខៀវ សុខារ៉ាវី បាននិយាយប្រាប់អង្គភាព Fresh News នៅក្រោយកើតហេតុឲ្យដឹងថា កូនរបស់គាត់មិនមែនជាអ្នកបាញ់សម្លាប់នោះទេ, មានអ្នកផ្សេងជាអ្នកចូលមកបាញ់សម្លាប់ដូចលក្ខណៈប្លន់, ហើយអ្នកស្លាប់គឺជាក្មួយបង្កើតរបស់គាត់។
ម្តាយ ខៀវ សុខារ៉ាវី បានបញ្ជាក់យ៉ាងដូច្នេះថា «កូនរបស់ខ្ញុំមិនមែនជាអ្នកបាញ់នោះទេ មានមនុស្សផ្សេងចូលមកបាញ់ ដូចក្នុងលក្ខណៈប្លន់, បើមិនជឿខ្ញុំមានកាមេរ៉ាមើល»។
ទីតាំងកន្លែងកើតហេតុជា Star Mart ឈ្មោះ Only U ស្ថិតនៅក្បែរផ្សាររាត្រី ក្នុងខណ្ឌដូនពេញ។
នៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃសៅរ៍នេះ សពជនរងគ្រោះបាននឹងកំពុងរៀបចំធ្វើបុណ្យ វត្តពោយារាម ហៅវត្តចាស់ ខណ្ឌជ្រោយចង្វា។
ទោះបីយ៉ាងតាមរបាយការណ៍សមត្ថកិច្ច ក្នុងជំហានដំបូងដែល Fresh News ទើបទទួលបាននៅក្រោយកើតហេតុឲ្យដឹងថា៖
ជនរងគ្រោះ(ស្លាប់) ឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ។ ចំណែកជនសង្ស័យឈ្មោះ ខៀវ ថនវណ្ឌឌី ភេទប្រុស អាយុ២៦ឆ្នាំ ឃាត់ខ្លួននៅទីបញ្ជាការអាវុធហត្ថ ខណ្ឌដូនពេញ។ ទីតាំងកន្លែងកើតហេតុផ្ទះលេខ ១៦៥អឺអូ ផ្លូវលេខ១ ក្រុមទី៣៦ ភូមិ១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ក្រោយកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនផងដែរ។
សូមជំរាបថា បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើង បាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុ នេះបើយោងតាមសមត្ថកិច្ចរាជធានីភ្នំពេញថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងយ៉ាងដូច្នេះ។
ពាក់ព័ន្ធនឹងករណីនេះ អង្គភាព Fresh News មិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ថា អ្នកដែលសមត្ថកិច្ចឃាត់ខ្លួននោះ ជាឃាតកនៅឡើយនោះទេ។ ព្រោះម្តាយ ខៀវ សុខារ៉ាវី អះអាងថា មានគេចូលបាញ់ប្លន់នៅហាងរបស់គាត់។
សពជនរងគ្រោះកំពុងធ្វើបុណ្យ វត្តពោយារាម ហៅវត្តចាស់