(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួម បិទការប្រកួតកីឡាបាល់ទាត់មិត្តភាពមួយ ក្នុងក្របខណ្ឌក្រសួង ដោយលោកបានលើកទឹកចិត្តថា ការប្រកួតកីឡាបាល់ទាត់នេះ តែងតែមានចាញ់ឈ្នះ ជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ របស់យុវជនកម្ពុជាយើង។
មុននឹងបិទការប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់មិត្តភាពយុវជនក្រសួងការងារលើកទី២» នេះ លោករដ្ឋមន្រ្តីបានថ្លែងឱ្យដឹងថា កីឡាមិនមែនជាការប្រកួតយកចាញ់ឈ្នះគ្នានោះទេ ប៉ុន្តែកីឡាគឺជាសកម្មភាពកម្សាន្ត សកម្មភាពអប់រំសុខភាព និងបង្ហាញពីការ សាមគ្គីភាព ហើយនេះគឺជាការឆ្លើយតបទៅនឹងសកម្មភាពផុសផុល ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា គោលនយោបាយរបស់ក្រសួងការងារ ផងដែរ។
លោករដ្ឋមន្រ្តីបានបន្ថែមថា មួយថ្ងៃៗ មន្រ្តីរាជការយើងពិតជាខិតខំធ្វើការយ៉ាងសកម្ម មិនខ្លាចហត់នឿយនោះឡើយ ហើយការងារ ជាច្រើនពិតជាមានភាពស្មុគស្មាញណាស់ ក្នុងការដោះស្រាយ ដូច្នេះហើយ ទើបក្រសួងការងារ បានរៀបចំឱ្យមានកម្មវិធីប្រកួត បាល់ទាត់នេះឡើង ដើម្បីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ឱ្យមានភាពសប្បាយរីករាយ ក៏ដូចជាជួយសម្រួលដល់សុខភាព និងពង្រឹងសាមគ្គីភាពទៅវិញទៅមកផងដែរ។ លោកថា «ការប្រកួតកីឡានេះ ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ របស់យុវជនកម្ពុជាយើង»។
ការប្រកួតកីឡាបាល់ទាត់ក្នុងក្របខណ្ឌក្រសួងការងារខាងលើនេះ ត្រូវបានចូលរួមពីភាគី ចំនួន១៣ក្រុម មកពីនាយកដ្ឋាន និងស្ថាប័ននានា ដែលមានប្រតិភូ និងកីឡាករចូលរួម សរុប៣៩៥នាក់ ហើយសកម្មភាពដ៏ផុសផុលនេះ លោករដ្ឋមន្រ្តី អ៉ិត សំហេង ក៏បានបញ្ជាក់ថា លោកនឹងចូលរួមគាំទ្រ និងជួយឧបត្ថម្ភផងដែរ ទាំងនៅឆ្នាំនេះ និងឆ្នាំក្រោយៗទៀត៕