(ភ្នំពេញ) បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើង បាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុ នេះបើយោងតាមសមត្ថកិច្ចរាជធានីភ្នំពេញថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅមុននេះបន្តិច។

យ៉ាងណាក៏ដោយ នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ បាននិងជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ។

តាមរបាយការណ៍សមត្ថកិច្ចក្នុងជំហានដំបូងដែល Fresh News ទើបទទួលបានឲ្យដឹងថា៖ 
ជនរងគ្រោះ(ស្លាប់) ឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ។ ចំណែកជនសង្ស័យឈ្មោះ ខៀវ ថនវណ្ឌឌី ភេទប្រុស អាយុ២៦ឆ្នាំ ឃាត់ខ្លួន នៅទីបញ្ជាការអាវុធហត្ថ ខណ្ឌដូនពេញ ជាប្អូនប្រុសបង្កើតរបស់តារាសម្តែង ខៀវ សុខារ៉ាវី។ ទីតាំងកន្លែងកើតហេតុផ្ទះលេខ ១៦៥អឺអូ ផ្លូវលេខ១ ក្រុមទី៣៦ ភូមិ១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ក្រោយកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនផងដែរ។

ម្តាយ ខៀវ សុខារ៉ាវី បាននិយាយប្រាប់អង្គភាព Fresh News ថា កូនរបស់គាត់មិនមែនជាអ្នកបាញ់ទេ, អ្នកផ្សេងជាអ្នកបាញ់ (គាត់មានកាមេរ៉ាថតរូបភាព) អ្នកស្លាប់គឺជាក្មួយបង្កើតរបស់គាត់ (ខៀវ សុខារ៉ាវី)។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅវេលាម៉ោងប្រមាណ១១យប់នេះ សពជនរងគ្រោះបាននឹងកំពុងរៀបចំធ្វើបុណ្យវត្ត វត្តពោយារាម​ ហៅវត្តចាស់ ខណ្ឌជ្រោយចង្វា។

សពជនរងគ្រោះកំពុងធ្វើបុណ្យ វត្តពោយារាម​ ហៅវត្តចាស់