(ចិន)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានធ្វើទស្សនកិច្ចផ្លូវការនៅទីក្រុងចឹងចូវ ខេត្តហឺណាន ដើម្បីបង្កើនការពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនរវាងតំបន់អាស៊ានជាមួយខេត្តហឺណាន ប្រទេសចិន។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការបានជួបពិភាក្សាការងារជាមួយលោក អាន វ៉ី (An Wei) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាលេខាធិការគណបក្សកុម្មុយនិស្តចិនប្រចាំទីក្រុងចឹងចូវ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរកវិធីពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន និងប្រជាជនរវាងអាស៊ាន និងហឺណាន ក៏ដូចជាគាំទ្រការរៀបចំសកម្មភាពបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។

លោក កៅ គឹមហួន ក៏បានចូលរួមដាំដើមឈើមិត្តភាពជាមួយអភិបាលរងក្រុងចឹងចូវ និងមន្ត្រីរដ្ឋាភិបាលក្រុងមួយចំនួន ព្រមទាំងបានឆ្លៀតឱកាសសំណេះសំណាលរឹតចំណងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ក៏ដូចជាទំនាក់ទំនងយូរអង្វែងរវាងភាគីទាំងពីរ។

លោកអគ្គលេខាធិការអាស៊ានបានចូលរួមក្នុងពិធីជប់លៀងដែលរៀបចំឡើងដោយអភិបាលក្រុងចឹងចូវ ខេត្តហឺណាន ដើម្បីស្វាគមន៍ទស្សនកិច្ចរបស់លោកមកទស្សនកិច្ចនៅទីក្រុងចឹងចូវនោះក្នុងនាមអគ្គលេខាធិការអាស៊ាន៕