(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋប្រមាណជាង៣ពាន់គ្រួសារ នៅទូទាំងខេត្តបន្ទាយមានជ័យ បានរងផលប៉ះពាល់ដោយទឹកជំនន់ ខណៈមានប្រជាពលរដ្ឋចំនួន១៩៩គ្រួសារហើយ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

របាយការណ៍បានបញ្ជាក់បែបនេះថា «គិតត្រឹមថ្ងៃទី១២ ខែតុលា នៅទូទាំងខេត្តបន្ទាយមានជ័យមាជ័យ ប្រជាពលរដ្ឋរងនូវផលប៉ះពាល់ដោយទឹកជំនន់ មានចំនួន៣,៥៦៣គ្រួសារ មនុស្សរាយមានចំនួន១៤,៨០០នាក់។ ជម្លៀសទៅទីទួលសុវត្ថិភាពមានចំនួន១៩៩គ្រួសារ មនុស្សរាយ៨៦៩នាក់ ក្នុងនោះកុមា២៤៣នាក់»

ដោយឡែក សម្រាប់ការខូចខាតវិញ ដំណាំស្រូវមានចំនួន២,៨២៧ហិចតា ដំណាំរួមផ្សំ១៥ហិចតា សត្វពាហនៈ១០០ក្បាល សាលារៀន១១ខ្នង វត្ត៤ មណ្ឌលុខភាព១ ទឹកលិចផ្លូវមានចំនួន ១៤៤កន្លែង មានប្រវែង៧៩,៧៤២ម៉ែត្រ។ ក្នុងនោះ ទឹកដែលលិចខ្លាំងជាងគេមាននៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។

ជាមួយគ្នានេះ លោក អ៊ុំ រាត្រី បានឲ្យដឹងថា ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា អាជ្ញាធរ និងអង្គភាពទាំង៣បានជម្លៀសប្រជាពលរដ្ឋ មកដាក់នៅក្នុងបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងកន្លែងផ្សេងៗជាច្រើនទៀត។ រីឯស្ថានភាពទឹកនៅតំបន់មួយចំនួន មានការជន់ឡើង តំបន់ខ្លះទឹកហូរលើផ្លូវ បើធៀបទៅនឹងឆ្នាំ២០២០ ទឹកឡើងខ្លាំងលិចស្ទើរទូទាំងខេត្ត តែឆ្នាំ២០២៣នេះ ទឹកតូចមិនទាន់ដល់កម្រិតដូចឆ្នាំ២០២០នោះទេ។

លោកអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្លូវទឹក ឬតំបន់ទំនាបធ្លាប់ទទួលរងការជន់លិច ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះកូនចៅតូចៗ មិនត្រូវបណ្តែតបណ្តោយឲ្យចុះលេងទឹកឡើយ ក្រែងកើតមានករណីលង់ទឹកជាយថាហេតុ ណាមួយកើតឡើង ពិសេសត្រូវប្រុងប្រយ័ត្ន សត្វអសិរពិសជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។

សម្រាប់ខេត្តបន្ទាយមានជ័យ ឆ្នាំនេះពេលដែលទឹកកំពុងឡើង មានមនុស្សស្លាប់ដោយសារលង់ទឹកប្រហែល១០នាក់ហើយ ពិសេសក្មេងជំទង់។ ក្នុងនោះលោកបានណែនាំដល់ឃុំ សង្កាត់នីមួយៗ ត្រូវចុះពិនិត្យតាមដានឲ្យបានជាប្រចាំអំពីស្ថានភាពទឹក៕