(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភាទាំងអស់ បានផ្ញើសារលិខិតជូនពរឥស្សរជនជាន់ខ្ពស់៥រូប រួមមាន ឯកឧត្តម ប្រាក់ សុខុន, ឯកឧត្តម ប៊ិន ឈិន, ឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម កែ គឹមយ៉ាន និងឯកឧត្តម យឹម ឆៃលី ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងជា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ឯកឧត្តមទាំង៥រូប បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមល្អប្រសើរ ព្រមទាំង រក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធ ទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមមានអាយុយឺនយូរ សុខុមាលភាព ល្អបរិបូរណ៍ និងសូមសម្រេច បានជោគជ័យត្រចះត្រចង់ ក្នុងដំណើរការដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូណ៌សប្បាយ រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ៕