(ភ្នំពេញ)៖ សាលារៀន ខេមអេលីត នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ បានរៀបចំឱ្យមានកម្មវិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងចែកបណ្ណសរសើរ ជូនសិស្ស និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ ដោយមានការចូលរួមពីសំណាក់មាតាបិតា និងសិស្សានុសិស្សជាង ១០០០នាក់នៅសាលសិន្និសីទ អគារមាស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
លោក ហេង រដ្ឋា នាយកប្រតិបត្តិ សាលារៀន ខេមអេលីត បានគូសបញ្ជាក់ថា គោលបំណងដែលសាលារៀន ខេមអេលីត ប្រារព្វពិធីនេះឡើង គឺដើម្បីលើកទឹកចិត្ត ដល់កិច្ចខិតខំប្រឹងប្រែងរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានិសិស្សដែលបានចំណាយ ពេលវេលា ប្រាក់កាស ដោយមិនគិតពីការនឿយហត់ ក្នុងការបញ្ជូនបុត្រធីតា ឱ្យទទួលបាននូវការអប់រំ ជាយាន្តក្នុងការប្រកបរបរ និងជាធនធានមនុស្សសម្រាប់សង្គមជាតិ។
លោក ហេង រដ្ឋា បានបន្តទៀតថា សាលារៀន បានបន្តលើកទឹកចិត្តឱ្យសិស្សានុសិស្សសិក្សាស្វែងយល់ តាមបែបប្រកួតប្រជែង និងមានគំនិតបើកទូលាយ។ គោលបំណងធំបំផុត គឺចូលរួមជាមួយរាជរដ្ឋាភិបាល ពិសេសជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលបញ្ញាវ័នឆ្នើម សម្រាប់មាតុភូមិយើង។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ឌួង លាង អគ្គនាយក សាលារៀន ខេមអេលីត និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើការកោតសរសើរ និងចែកបណ្ណសិស្សពូកែ និងបុគ្គលិកឆ្នើមសរុប៣៦៥នាក់ ក្នុងកិច្ចប្រឹងប្រែងរៀនសូត្រ ក៏ដូចជាចូលរួមចំណែកដោយស្មារតី ភាពជាអ្នកដឹកនាំ ជូនសាលារៀន ខេមអេលីត នាពេលកន្លងមក។
សូមបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលសាលារៀន ខេមអេលីតធ្វើការចែកជូន វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងចែកបណ្ណសរសើរ ចាប់តាំងពីដំណើរការ ក្នុងឆ្នាំ២០១៣មក។
សាលារៀន ខេមអេលីត ជាបុត្រសម្ព័ន្ធរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងអង្គការ អាស៊ី អឺរ៉ុប ដែលមានបណ្តុះបណ្តាលលើ ៥កម្មវិធីដូចជា៖ ចំណេះទូទៅភាសាខ្មែរ ពីកម្រិតមត្តេយ្យដល់ថ្នាក់ទី១២ ,ភាសាអង់គ្លេសអន្តរជាតិ (សម្រាប់កុមារពីអាយុ២ឆ្នាំឡើងទៅ), ភាសាអង់គ្លេសសិស្សធំ (ថ្នាក់ពេញម៉ោង និងក្រៅម៉ោង) ,កម្មវិធីភាសាអង់គ្លេស-ចិន និងកម្មវិធីជំនាញវគ្គខ្លីជាដើម។
សាខាទី១៖ អគារលេខ១៦២ ផ្លូវ១៤៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ,ទូរស័ព្ទលេខ៖ ០១០ ៦៦៦ ៨៩៧ (សាខាបឹងកេងកង៣)
សាខាទី២៖ អគារលេខ២៧៨ ផ្លូវ១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ,ទូរស័ព្ទលេខ៖ ០៦៩ ៦៦៦ ៨៩៧ (ទេពផន) ៕