(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លង នៃពិធីបុណ្យភ្ជុំបិណ្តប្រពៃណីជាតិ ព្រះពុទ្ធសាសនា ក្នុងទឹកចិត្តជ្រះថ្លាបំផុត ជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ចំណុះជើងវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតនៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ពិធីនោះក៏មានការអញ្ជើញចូលរួមពីសម្តេច លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់ តំណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណា ចក្រកម្ពុជា និងពុទ្ធបរិស័ទចំណុះជើងវត្ត មកពីគ្រប់ទិសទី។ នៅលើសាលាធម្មសភា នៃទីអារាមវត្តវាំងចាស់ ក្នុងថ្ងៃបុណ្យឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសម្តេច លោក លោកស្រីជាឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័ន របស់ព្រះរាជាណាចក្រកម្ពុជា និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ អញ្ជើញបូជាទៀនធូប ផ្កាភ្ញី ទឹក អប់ប្រេងម៉្សៅបូជាចំពោះព្រះពុទ្ធរូបអង្គតូច អង្គធំ បូជាទៀនធូប ផ្កាភ្ញី ទឹកអប់ប្រេងម៉្សៅ នំចំណីថ្វាយចំពោះរូបថតអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង មហាឧបាសិកា ឌី ប៉ុក អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ឧបាសក លីន គ្រី លោកជំទាវមហាសទ្ធាភិរ័ត្នធម្មសិរីរតន៍ អគ្គមហាឧបាសិកាពិទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា ដើម្បីជាកិច្ចរំលឹកដល់គុណបុណ្យព្រះរតនត្រ័យ តាម គន្លង ប្រពៃណី ព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ជាពិសេសរំលឹកដល់គុណបុណ្យព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រួនៃយើង ដែលព្រះអង្គ បាន ត្រាស់ដឹងនូវព្រះធម៌ដ៏វិសេសវិសាល បន្សល់ទុកឲ្យកូនចៅពុទ្ធបរិស័ទ ដែលកាន់សាសនា ព្រះពុទ្ធ បានគោរពប្រតិបត្តិចាប់តាំងពី ដើមតរៀងមករហូតមកដល់បច្ចុប្បន្ននិងទៅអនាគត ។

បន្ទាប់ពីពិធីថ្វាយនូវគន្ធពិដោដល់ព្រះបារមីព្រះពុទ្ធរូបគ្រប់អង្គរួចមក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត និងពុទ្ធបរិស័ទទាំងអស់ អញ្ជើញថ្វាយបង្គុំព្រះពុទ្ធរូប និងថ្វាយបង្គុំព្រះសង្ឃ ព្រមទាំងសមាទានសិល៍ ជាកិច្ចរំលឹកគុណបុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់ តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿង នៃយើង ក្រោមកិច្ចដឹកនាំ របស់លោកអាចារ្យ និងព្រះគ្រួចៅអធិការវត្តវាំងចាស់។

សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសម្តេច លោក លោកស្រី ជាឥស្សរជន ជាន់ខ្ពស់ទាំងអស់ និងពុទ្ធបរិស័ទទីជិតឆ្ងាយ បានធ្វើបទនមសិកាព្រះរតនត្រ័យ សមាទានសិល៍ រំលឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រួនៃយើង ដែលព្រះអង្គត្រាសដឹងនូវព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទ គ្រប់ជំនាន់គោរពប្រណិប័តន៍ជារៀងដរាប រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។

ពុទ្ធឱវាទ និងធម៌វិន័យរបស់ព្រះពុទ្ធបរមគ្រូ គឺជាប្រទីបបំភ្លឺផ្លូវ ដល់មនុស្សលោកគ្រប់រូប ឲ្យប្រកាន់នូវអំពើល្អ អំពើជាកុសល លះបង់នូវអំពើបាប អំពើជា អកុសល ដើម្បីសាងនូវកុសលទាន តម្កល់ទុកសម្រាប់អនាគតជាតិ ពិសេសទៅទៀតនោះ ពុទ្ធបរិស័ទ គ្រប់រូបត្រូវតែគោរពប្រតិបត្តិ និងដឹងគុណចំពោះ បុព្វ ការីជន មានមាតាបិតាទាំងរូបលោកនៅមាន អាយុ សង្ខាក្តី ឬទទួលមរណភាពទៅហើយក្តី។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌឬភ្ជុំបិណ្ឌ គឺជាពិធីបុណ្យតាមបែបប្រពៃណីសាសនា ដែលមានអាយុកាលដ៏យូរលង់ ណាស់មកហើយ។ ពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌ ឬ ភ្ជុំ បិណ្ឌ គឺជាសក្ខីភាពបង្ហាញអំពីសទ្ធា ជ្រះថ្លា របស់ ពុទ្ធបរិស័ទគ្រប់រូប ចំពោះឧបការគុណរបស់បុព្វការីជនដោយបានធ្វើបុណ្យធ្វើទានឧទ្ទិសកុសល ជូន តាមរយះព្រះសង្ឃជាស្រែបុណ្យ ដើម្បីឲ្យវិញ្ញាណក្ខន្ធលោកអ្នកមានគុណ មានមាតាបិតា ញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅកាន់ លោកខាងមុខហើយនោះ សូមមកទទួលនូវមនុញ្ញផល ដែលកូនចៅឧទ្ទិសជូន ដើម្បីបានទៅចាប់បដិសន្ធិ ក្នុងឋានដ៏មានសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ និងម៉្យាងវិញទៀត តាមរយះការមាន ជំនឿចំពោះព្រះពុទ្ធសាសនានេះហើយ ទើបបច្ចុប្បន្ននេះ ពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្រោមម្លប់បារមីដ៏ត្រជាក់នៃអង្គព្រះករុណា ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការ ដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជា ប្រមុខរាជរដ្ឋាភិបាល ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ទាំងអស់ បានចូលរួមសាមគ្គីគ្នា កសាងនូវមហាសមិទ្ធផលយ៉ាងច្រើនអនេក បម្រើឲ្យការរីកចម្រើន និងគង់វង្ស នៃព្រះពុទ្ធសាសនា ដែលជាសសានារបស់រដ្ឋ។ តាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ ពិធីបុណ្យភ្ជុំ បិណ្ឌនេះ មានអាយុកាលដ៏យូរលង់ណាស់មកហើយ ពោល គឺដោយការគោរពប្រតិបត្តិតាម ពុទ្ធឱវាទ របស់ព្រះសម្មា សម្ពុទ្ធព្រះបរមគ្រួនៃយើង ដែលតម្រូវឲ្យពុទ្ធបរិស័ទទូទៅ មានឱកាសធ្វើបុណ្យចែកទាន ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតា ញាតិការទាំងប្រាំពីរ សណ្តាន ដែលបានចែកឋានទៅកាន់ លោក ខាង មុខនោះហើយ មកទទួលមគ្គផលកុសលផលបុណ្យ ដែលកូនចៅឧទ្ទិសជូនក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ។

លំដាប់អំពីបទនមសិកាព្រះរតនត្រ័យ ព្រះសង្ឃសូត្រធម៌ប្រោសព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរ ដល់ពុទ្ធបរិស័ទ ទាំងអស់ ក្នុងបុណ្យឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរួចមក សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទ ទាំងអស់ អញ្ជើញរាប់បាត្រព្រះ សង្ឃ ដើម្បីព្រះសង្ឃគ្រប់អង្គសូត្រ នូវធម៌សកប្បករុណាភិធម្មបង្សុ កុល ជាកិច្ចឧទ្ទិសបញ្ជួននូវកុសលផលបុណ្យ ដែល កើតមានឡើងក្នុងថ្ងៃបុណ្យឆ្លង នៃពិធីបុណ្យ ភ្ជុំបិណ្ឌនេះ ជូនដល់បុព្វការីជន មានមាតាបិតាញាតិការទាំងប្រាំពីរ សណ្តានទាំងអស់ របស់សម្តេច តេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសឧទ្ទិសជូនដល់ វិញ្ញាណក្ខន្ធអ្នកឧកញ៉ា មហាភក្តីសប្បុរិស ភោគាធិបតី ហ៊ុន នាង វិញ្ញាណក្ខន្ធមហាឧបាសិកា ឌី ប៉ុក មាតាបិតាបង្កើតសម្តេចតេជោ វិញ្ញាណក្ខន្ធ អ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី វិញ្ញាណក្ខន្ធឧបាសក លីន គ្រី មាតាបិតាបង្កើត សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន វិញ្ញាណក្ខ័នសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងបង្កើតសម្តេចតេជោ វិញ្ញាណក្ខន្ធ លោកជំទាវមហាសទ្ធាភិរ័ត្នធម្មសិរីរតន៍ អគ្គមហាឧបាសិកាពិទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា ប្អូនបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងវិញ្ញាណក្ខន្ធកុមារ៉ា ហ៊ុន កំសត់ បុត្រច្បងរបស់ សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល បានធ្វើកម្មកិរិយាចែកឋានយើងនេះ ទៅកាន់វរលោកខាងមុខហើយនោះ សូមអញ្ជើញវិញ្ញាណក្ខន្ធលោកអ្នកមាន គុណទាំងអស់ និងវិញ្ញាណក្ខន្ធកុមារ៉ា ហ៊ុន កំសត់ ដែលបានចែកឋានទៅកាន់វរលោកខាងមុខ យ៉ាងអមនុស្សធម៌ បំផុត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សូមមកទទួលនូវម្នុញផល និងកុសលផលបុណ្យដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ត្រូវជាកូន ចៅ ចៅទួត និងពុទ្ធបរិស័ទទាំងអស់ ឧទ្ទិសជូនតាមរយះព្រះសង្ឃ ក្នុងថ្ងៃបុណ្យឆ្លង នៃពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ដែលបានប្រារព្វធ្វើឡើងនៅទីអារាមវត្តហរិរក្សរាជនី វាំងចាស់ នាពេលនេះ សូមជួយទ្រទ្រង់យោងយិតវិញ្ញាណក្ខន្ធអ្នកមានគុណទាំងទាំងអស់ និងវិញ្ញាណក្ខន្ធកុមារ៉ា ហ៊ុន កំសត់ បានសោយសុខក្នុងឋានបរមសុខ សុគតិភព កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ ចាប់តាំងពី ថ្ងៃនេះតរៀងទៅ។ ម៉្យាងវិញទៀតមួយផ្នែក នៃអនិសង្ឃកុសលផលបុណ្យក្នុងថ្ងៃបុណ្យឆ្លងនេះដែរ ក៏សូមឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ អតីតព្រះរាជវង្សានុវង្ស សម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះរាជាគណះ ព្រះថេរានុថេរះគ្រប់អង្គ និងវិញ្ញាណក្ខន្ធវិរះជនអ្នកស្នេហារជាតិគ្រប់រូប យុទ្ធ ជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាវិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាង ៣លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌បំផុត ក្នុងរបបប្រល័យពូជ សាសន៍ ប៉ុល ពត សូម មកទទួលមគ្គផលនេះ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត សម្តេច ឯកឧត្តម លោកជំទាវ ញាតិមិត្តគ្រប់ក្រុមគ្រួសារទាំងអស់ ឧទ្ទិសបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធ ទេវតាថែរក្សាក្នុងលោក បារមីវត្ថុស័ក្តិសិទ្ធថែរក្សាទីអារាមវត្តហរិរក្សរាជនី វាំងចាស់ ដែលជាទីអារាមមួយមានប្រវត្តិ កាល ដ៏យូរលង់ណាស់មកហើយនោះ សូមតាមជួយបីបាច់ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនយ៉ាងពេញលេញ និងឆាប់រហ័ស ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា បវៀស ជៀសឆ្ងាយពីបាតុភូតធម្មជាតិផងទាំងពួង ពិសេសរួចចាកផុតពីជំងឺរាតត្បាតនានា ប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យ ចាប់តាំងពីពេលនេះតរៀងទៅ។ និងមួយចំណែកវិញទៀត តាមរយៈអំណាចកុសលផលបុណ្យនេះ ដែរ ព្រះសង្ឃគ្រប់អង្គក្នុងទីអារាម វត្តហរិរក្សរាជនី វាំងចាស់ សូមលើកមហាកុសលជូនសម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត សម្តេច ឯកឧត្តម លោកជំទាវ ញាតិមិត្តគ្រប់ក្រុមគ្រួសារ និង ពុទ្ធបរិស័ទទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលកើតមានដល់គ្រប់ក្រុមគ្រួសារទាំងអស់ ពិសេស ទទួលបាននូវពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណះ សុខះ ពលះ ជានិច្ចនិរន្តតរៀងទៅ។ សូមបញ្ជាក់ថា តាមទំនៀបទម្លាប់ប្រពៃណីរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាពុទ្ធសាសនិកជន ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីមួយដែល មានអាយុកាលដ៏យូរលង់ណាស់មកហើយ ដោយគោរពតាមពុទ្ធឱវាទ របស់ព្រះសម្មាសម្ពុទ្ធព្រះសាមនគោត្តម ព្រះ បរមគ្រូនៃយើង ដែលតម្រូវឲ្យពុទ្ធបរិស័ទទូទៅ មាន ឱកាសធ្វើបុណ្យចែកទាន ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូន ដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ញាតិការទាំងប្រាពីរសណ្តាន ដែលបានចែកឋានទៅកានវរលោកខាងមុខ ដើម្បីមកទទួលម្នុញផល កុសលផលបុណ្យ ក្នុងរដូវបុណ្យកាន់បិណ្ឌរយះពេល១៥ថ្ងៃ។ ដោយមានជំនឿតៗគ្នាមកថា ក្នុងរយះពេល១៥ថ្ងៃនេះ វិញ្ញាណក្ខន្ធសាច់សាលោហិតដែលបានចែកឋានទៅ នឹងត្រូវបញ្ជួនឲ្យមក ទទួលម្ហូបអាហារ នំចំណី គ្រឿងឧបភោគបរិភោគ ដែលកូនចៅឧទ្ទិសតាមរយះព្រះសង្ឃជាស្រែ បុណ្យ នៅតាមទីអារាមនានា ហើយបើ វិញ្ញាណក្ខន្ធលោកអ្នកទាំងអស់នោះ រកមិនឃើញកូនចៅ ឬសាច់ញាតិរបស់ខ្លួន ឧទ្

ទិសជូនឲ្យនៅគ្រប់ប្រាំពីរវត្តនោះទេ ពួកគេនឹងទទួលនូវការសោកសង្រេង ដែលក្នុងមួយឆ្នាំម្តង មិនមានកូនចៅណា ធ្វើបុណ្យឧទ្ទិសកុសលជូនដល់ពួកគេ ។

អាស្រ័យដោយ មានជំនឿយ៉ាងដូច្នេះហើយ បានជាប្រជាពលរដ្ឋកម្ពុជាជាពុទ្ធបរិស័ទគ្រប់ស្រទាប់ជាន់ថ្នាក់ អញ្ជើញ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌឬភ្ជុំបិណ្ឌនេះ មិនដែលអាក់ខានម្តងណាឡើយ លើកលែងតែក្នុង របប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញវត្តអារាម សឹកព្រះសង្ឃ និងបំផ្លាញ់អ្វីៗទាំងអស់នៅកម្ពុជា ប៉ុន្តែរហូតមក ដល់ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីការរស់រានមានជីវិតសាជាឡើងវិញ របស់ប្រទេសនិងប្រជាជនកម្ពុជា គ្រប់សាសនាទាំងអស់នៅកម្ពុជា ត្រូវបានប្រជា ពលរដ្ឋ ដែលជាសាសនិកជនគោរពប្រតិបត្តិទៅតាមជំនឿរៀងៗខ្លួន និងមានភាពសុខដុមរមនារហូត មកដល់បច្ចុប្បន្ននិងទៅអនាគត។ សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យឆ្លង នៃពិធី បុណ្យភ្ជុំបិណ្ឌ ថ្ងៃ ១៥ រោចនេះ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនបច្ច័យព្រះសង្ឃចំនួន ៣១អង្គ ១អង្គបច្ច័យ១០ម៉ឺនរៀល ប្រគេនបច្ច័យសម្រាប់កសាងវត្ត ៧លាន៨សែនរៀល និងជាង៣ ពាន់២០០ដុល្លាផងដែរ។

បន្ទាប់ពីពិធីប្រារព្វកិច្ចនៅលើសាលាធម្មសភារួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត សម្តេច ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទ ទាំងអស់ អញ្ជើញពូនភ្នំខ្សាច់ដើម្បីជាកិច្ច នៃការដែលប្រជាពលរដ្ឋខ្មែរយើងគ្រប់រូប មានជំនឿតៗគ្នាមកថា ការ ពូនភ្នំ ខ្សាច់នេះ គឺជាការជំរះនូវអំពើឆ្គមឆ្គងផងទាំងឡាយ ដែលមនុស្សយើងគ្រប់រូបបានប្រព្រឹត្តិពី អតីតកាល និងដើម្បីភាព ត្រជាក់ត្រជុំសម្រាប់អនាគតជាតិ។ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត សម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ទាំងអស់ បានអញ្ជើញបូជាទៀនធូបផ្កាភ្ញីទឹកអប់ប្រេងម៉្សៅ នៅ តាមទីសក្ការបូជាដ៏មានបារមី ក្នុងទីអារាមវត្តហរិរក្សរាជនី វាំងចាស់ ក្នុងនោះរួមមាននៅលើអតីតទួលប្រាសាទទេវា វិន្និច្ឆ័យ ព្រះពុទ្ធរូបអង្គតូច អង្គធំ ក្នុងព្រះមវិហារ និងរូបសំណាក់មេទ័ពខ្មែរ ដែលបានកសាងឡើងក្រោមកិច្ចដឹកនាំ ប្រកបដោយកិត្តិ បណ្ឌិត និងយ៉ាងវិចិត្រតាមបែបប្រពៃណីសាសនា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សូមបញ្ជាក់ដែរថា ឆ្នាំ២០២៣នេះ គឺជាលើកទី១ បន្ទាប់ពីការរីករាលនៃជំងឺកូវីត១៩ រយៈពេល៣ឆ្នាំជាប់គ្នា ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានខកខានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងនៅវត្តវាំងចាស់។

វត្តហរិរក្សរាជិនី នៅក្នុងសម័យដើមមានភាពរុងរឿងខ្លាំងណាស់ ជាវត្ត សំបូរទៅដោយគម្ពីរដិកា ភាសាបាលីនិងសម្រាយ ជាវត្តដែលបណ្តុះពូជព្រះសង្ឃជាបណ្ឌិត មាន ចំនួនច្រើនអង្គ ក្រោមព្រះរាជូបត្ថម្ភរបស់ព្រះមហាក្សត្រខ្មែរ ប៉ុន្តែវត្ថុបុរាណនិងសមិទ្ធផលទាំងឡាយ ដែលមាននៅក្នុងទីអារាមនោះ ត្រូវបានបាត់បង់អន្តរាយនៅក្នុងសម័យសង្រ្គាម ពិសេសរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។ ក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ១៩៧៩ ទីអារាមនេះក៏ដូចជាទីអារាមនានានៅទូទាំងប្រទេស ត្រូវបានកសាងឡើងវិញ ក្រោមគំនរផេះផង់ មានការរីកចម្រើនឡើងវិញជាជំហ៊ានៗ ដើម្បីឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទគោរពប្រតិបត្តិទៅតាមជំនឿរៀងៗខ្លួន។ ជាក់ស្តែងទីអារាមវត្តហរិ រក្សរាជិនី វាំងចាស់ ត្រូវបានសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាពុទ្ធសាសនូប ត្ថម្ភដ៏សំខាន់ បានទៅកសាងជាថ្មីឡើងវិញនៅក្នុងឆ្នាំ១៩៩៦ ធ្វើឲ្យសមិទ្ធផលខាងផ្នែកពុទ្ធិចក្រ និងអាណាចក្រ ក្នុង ទីអារាមនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះរួមមាន សា លារៀន របង ក្លោងទ្វារ ឧប ដ្ឋានសាលា កុដ្ឋ ព្រះវិហារ ផ្លូវថ្នល់ សាលាបាលី រូបសំណាក់មហាវិរះបុរសខ្មែរអ្នកស្នេហារជាតិ ដែលមានស្នាដៃ ក្នុង ការការពារជាតិមាតុភូមិ និងមហាសមិទ្ធផលនានាជាច្រើនទៀត មានការរីកចម្រើនគួរឲ្យកត់សំគាល់។ សូមបញ្ជាក់ ដែរថា ដោយសារសំណាង់មានសភាពចាស់ទ្រុតទ្រោម នៅដើមឆ្នាំ២០០៨ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបរិច្ចាកនូវថវិកាចំនួន ៦សែន៣ម៉ឺន១ពាន់៥៥៣ដុល្លា បន្តជួយជួសជុលសំណង់សមិទ្ធផលមួយចំនួន ក្នុងទីអា រាម ក្នុងនោះមានការជួសជុលដំបូលព្រះវិហារ រៀបការ៉ូថ្មី កែលំអព្រះពុទ្ធរូប ជួសជុលដំបូលសាលាឆាន់ លាបពណ៌ កសាងកុដ្ឋថ្មីមួយខ្នង កសាងសាឡុំជាថ្មីឡើងវិញ កសាងខឿនព័ទ្ធជុំវិញ រួមទាំងការ ស្ថាបនាផ្លូវបេតុង និងប្រព័ន្ធលូ ខ្វាត់ខ្វែងក្នុងវត្ត។ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តហរិរក្សរាជិនី វាំងចាស់ សូមលើកម្នុញផលដែល កើតចេញ ពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ សូមទសបារមីវត្ថុស័ក្តិសិទ្ធទេវតាក្នុងលោក សូម តាមជួយឃុំគ្រងថែរក្សា សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត សូមតេជះបារមីខ្លាំងពូកែ សុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញា ញាណភ្លឺថ្លា ជន្មាយុយ៉ឺន យូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំជោគវាសនាអនាគតប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនរឹងមាំខ្លាំងក្លា ជាយូរអង្វែងតរៀងទៅ៕