(កោះកុង)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិតំណាងឲ្យលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំមន្ត្រីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមានការចូលរួមលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង រួមទាំងមន្ត្រីរាជការក្រោមឱវាទ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ បានចូលរួមគោរពវិញ្ញាណក្ខន្ធបង្សុកូលឧទ្ទិសកុសលដល់យុទ្ធជន យុទ្ធនារីដែលបានពលីបូជាជីវិត ដើម្បីបូរណភាពទឹកដី និងដើម្បីប្រជាជន។

លោកនាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ លោកក៏មិនអាចបំភ្លេចបាននូវគុណនូបសក្ការៈដែលមិនអាចបំភ្លេចបានដែលយុទ្ធជន យុទ្ធនារីដ៏អង់អាចក្លាហានបានលះបង់អាយុជីវិត ដើម្បីប្រទេសជាតិ និងដើម្បីប្រជាពលរដ្ឋក្នុងសម័យសង្គ្រាម។

លោកនាយឧត្តមសេនីយ៍ យន្ត មីន បានបន្តថា ប្រទេសជាតិមានថ្ងៃនេះ គឺស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចខិតខំប្រឹងប្រែងរកសន្តិភាពជាតិជូនប្រទេសជាតិ និងប្រជាពលរដ្ឋរហូតដល់បច្ចុប្បន្នភាព ហើយអ្វីដែលសម្តេចនិងប្រជាពលរដ្ឋទាំងអស់មិនអាចបំភ្លេចបានគឺយុទ្ធជន យុទ្ធនារីដែលលះបង់អាយុជីវិតក្នុងសម័យសង្គ្រាម។

ដូច្នេះដើម្បីតបស្នងនៅគុណធម៌ក្រុមការងារបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធបង្សុកូលឧទ្ទិសកុសលជូនយុទ្ធជន យុទ្ធនារីនៅរដូវបុណ្យភ្ជុំបិណ្ឌ ដែលពួកគាត់បានលះបង់អាយុជីវិត ដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋក្នុងសម័យសង្គ្រាម៕