(កំពត)៖ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី ហ៊ឹម ច្រឹប នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ និងប្រជាពុទ្ធបរិស័ទ ប្រមាណជាង២,០០០នាក់ អញ្ជើញឆ្លងបុណ្យភ្ជុំបិណ្ឌ នៅវត្តអង្គភ្នំតូច ស្ថិតនៅក្នុងឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តអង្គភ្នំតូចទាំងអស់ ដែលជានិច្ចកាលសម្ដេចប្រមុខដឹកនាំតែងតែនឹករលឹកដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ក៏ដូចជាពលរដ្ឋខេត្តកំពតនេះផងដែរ។

លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានបញ្ជាក់ថា «ដោយសារកត្តាសុខសន្តិភាព ទើបប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស មានឱកាសធ្វើបុណ្យធ្វើទាន តាមគន្លងបែបព្រះពុទ្ធសាសនារៀងៗខ្លួន ដូច្នេះសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា សុខសន្តិភាព ឲ្យបានគង់វង្សជានិរន្ត»

លោកបានបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដ៏ធំក្នុងចំណោមពិធីបុណ្យធំៗដ៏ទៃទៀតក្នុងព្រះពុទ្ធសាសនា ក៏ដូចជាពុទ្ធសាសនិក ដែលកាន់ព្រះពុទ្ធសាសនា ប្រារព្ធធ្វើនៅក្នុងកម្ពុជា ដោយមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ ១៥ រោច ខែភទ្របទ ដែលជាថ្ងៃភ្ជុំធំ។

ប្រជាពលរដ្ឋបានមកជួបជុំគ្នា នៅតាមទីវត្តអារាមនានាក្នុងប្រទេសកម្ពុជា ដើម្បីធ្វើបុណ្យទានឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជនមានមាតាបិតាគ្រូឧបជ្ឈាយាចា ញាតិកាទាំងប្រាំពីរសន្ដាន ដែលទម្លុះកាយទម្លាយខណ្ឌទៅកាន់បរលោកនោះ ដើម្បីទទួលបាននូវកុសលផលបុណ្យដែលខ្លួនបានធ្វើនៅក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

លោក មាស ប៊ុនឡី សូមឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមានមាតា បិតា គ្រូឧបជ្ឈាយាចា ព្រមទាំងយុទ្ធជន យុទ្ធនារី ដែលបានបូជាជីវិតបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារប្រទេសជាតិ រហូតទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស សូមទទួលមគ្គផល កុសលផលបុណ្យ ដែលលោក និងលោកស្រី បានធ្វើនៅក្នុងថ្ងៃនេះសូមឲ្យរួចចាកទុក្ខទោសទាំងពួងផងដែរ។

លោកបានប្រគេនបច្ច័យចំនួន១លានរៀល ដល់វត្តអង្គភ្នំតូច និងចែកជូនដល់យាយជី តាជី រាប់បាត្របង្សុកូលនូវថវិកាមួយចំនួនទៀត៕