(បាងកក)៖ គណបក្សនយោបាយ ដែលធ្លាប់ដឹកនាំរដ្ឋាភិបាល និងត្រូវបានទម្លាក់ពីអំណាចដោយរដ្ឋប្រហារយោធានោះ បានចេញមុខបដិសេធថា មិនបានជាប់ពាក់ព័ន្ធអ្វីបន្តិចឡើយ ចំពោះការបំផ្ទុះគ្រាប់បែកខ្នាតតូចចំនួនសរុបឡើងដល់ ១១គ្រាប់ កាលពីថ្ងៃព្រហស្បតិ៍ និងសុក្រ ដែលបានសម្លាប់ជនជាតិថៃ ០៤នាក់ និងមនុស្សចំរុះជាតិសាសន៍ជាង ៣០នាក់ទៀតរងរបួសនោះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០១៦។

គណបក្ស Puea Thai ដែលត្រូវបានគេដឹងថា ជាបក្សគាំទ្រលោក ថាក់ស៊ីន ជាអតីតក្រុមអាវក្រហមដ៏ល្បីល្បាញនោះ បានទទួលរងការចោទប្រកាន់ពីគណបក្សផ្សេង និងពីក្រុមមនុស្សមួយចំនួនដែលស្អប់គ្រួសារ ថាក់ស៊ីន ថា គណបក្សនេះជាអ្នកបង្កការបំផ្ទុះគ្រាប់បែកនេះឡើង ដោយសារតែការមិនពេញ ចិត្តចំពោះលទ្ធផលធ្វើប្រជាមតិ ដែលគាំទ្ររដ្ឋធម្មនុញ្ញថ្មី ដែលបានបង្កើតឡើងដោយយោធានោះ។

លោក Noppadon Pattama អតីតរដ្ឋមន្ត្រីការបរទេសថៃទាំងនៅជំនាន់លោក ថាក់ស៊ីន និង លោកស្រី យីងឡាក់ បានបង្ហោះសារក្នុងបណ្តាញសង្គម របស់លោកថា «មនុស្សមួយចំនួនកំពុងចោទថាលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាអ្នកនៅពីក្រោយ ព្រឹត្តិការណ៍ទាំងឡាយ។ នេះជាការចោទប្រកាន់ ដោយឥតហេតុផលបំផុត។ អ្នកណាក៏ដោយដែលធ្លាប់ជានាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ គឺតែងតែបារម្ភពីប្រទេសជាតិ និងមិនអាចប្រព្រឹត្តទង្វើដ៏គួរឲ្យស្អប់ខ្ពើមបែបនេះបានឡើយ»

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប៉ូលិសថៃនៅតែកំពុងតាមដានរកក្រុមបក្ខពួក ដែលបានបង្កការ បំផ្ទុះគ្រាប់បែកនៅឡើយ ប៉ុន្តែប៉ូលិសពុំទាន់មានការ ចាប់ខ្លួនជនសង្ស័យណាម្នាក់ឡើយ។ បន្ថែមពីនេះ ប៉ូលិសថៃក៏បានអះអាងថា វាមិនមែនជាអំពើភេរវកម្ម ឬក៏ជាការបង្កឡើងដោយក្រុមសកម្មប្រយុទ្ធ បរទេសណាមួយនោះឡើយ៕