(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ភរិយា និងមន្ត្រីជាច្រើននាក់សូត្រមន្តកាន់បិណ្ឌទី១៤ នៅក្នុងវត្តវត្តស្វាយជ្រំុ ស្ថិតនៅក្រុងអរិយក្សត្រ និងវត្តព្រះវិហារសួគ៌ ស្ថិតនៅស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

លោក គង់ សោភ័ណ្ឌ បានថ្លែងថា កត្តាសុខសន្តិភាពទើបប្រជាពលរដ្ឋទាំងអស់គ្នាបាននាំគ្នាមកធ្វើបុណ្យបានគ្រប់ៗគ្នាយ៉ាងសេរីភាព គ្មានការបារម្ភអ្វីឡើយ។ កត្តាសុខសន្តិភាពនេះពិតជាមានតម្លៃណាស់ ដូច្នេះសូមរួមគ្នាថែរក្សាសន្តិភាពឲ្យគង់វង្ស។

បន្ទាប់ពីធ្វើកិច្ចគោរពបូជា ផ្កាទៀនធូប ចំពោះព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌​ព្រះសម្មាសម្ពុទ្ធរួច ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃសម្រាប់ប្រើប្រាស់ទៅតាមពុទ្ធានុញ្ញាត ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យជូនលោកយាយ លោកតា ពុទ្ធបរិស័ទ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលទាំងមូល សូមទទួលបាននូវមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណ: សុខ: ពល: និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ។

បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌ ថ្នាក់ដឹកនាំខេត្តកណ្ដាល និងប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យ ធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿង សក្ការបូជា និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគ បច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្សដែលកូនចៅបានឧទ្ទិសជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌនេះឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។

ក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១៤នេះ រដ្ឋបាលខេត្តកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរស្រុក និងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុ មកប្រគេនដល់ព្រះសង្ឃជាច្រើន និងថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕