(ភ្នំពេញ)៖ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារអបអរសាទរឯកឧត្តមក្នុងឱកាសព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ស។

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្ញើសារអបអរសាទរឯកឧត្តម ជា សុផារ៉ា ក្នុងឱកាសឯកឧត្តមត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ឯកឧត្តម ជា សុផារ៉ា បានបង្ហាញបីតិសោមនស្សយ៉ាងក្រៃលែង និងមានកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានទទួលនូវពាក្យពេចន៍ ជូនពរប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ និងការវាយតម្លៃខ្ពស់ពីសម្តេចវិបុលសេនាភក្តី។

ឯកឧត្តម ជា សុផារ៉ា បានគោរពដឹងគុណប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី ដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី បំពេញបេសកកម្មបម្រើផលប្រយោជន៍ជាតិ និងមាតុភូមិ ដោយបានរួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ជា សុផារ៉ា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា បីបាច់ ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការតី អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕